ព័ត៌មានជាតិ

តុលាការកាត់ទោសស្ត្រីពីរនាក់ជាមេខ្យល់ជួញដូរព្រហ្មចារីក្មេងស្រីឲ្យតាៗ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៦ នេះលោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង សញ្ចារកម្ម ដែលមានជនជាប់ចោទស្ត្រីចំនួន ២នាក់ មកបើកសវនាការជាអសាធារណ:។

ជនជាប់ចោទទី១ឈ្មោះ អេង បុប្ផា ហៅម៉ោច ភេទស្រី អាយុ៣២ឆ្នាំ និងទី២ឈ្មោះ អ៊ិត ម៉ារីណែត ភេទស្រី (កំពុងរត់គេចខ្លួន) ត្រូវបានលោក សេង ហៀង តំណាងអយ្យការចោទប្រកាន់ពីបទ សញ្ចារកម្ម ដោយនាំក្មេងស្រីយកទៅលក់ព្រហ្មចារីឲ្យភ្ញៀវដេកជាមួយ២យប់ ក្នុងតម្លៃ១៥០០ដុល្លារ និងទទួលបានកម្រៃជើងសារចំនួន ៥០០ដុល្លារ ប្រព្រឹត្តនៅចំណុចផ្លូវសម្តេច ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា២៥ និងមាត្រា២៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

នៅក្នុងសវនាការជនជាប់ចោទសារភាពថា នៅថ្ងៃកើតហេតុខ្លួនបាន នាំនារីរងគ្រោះចំនួន៤នាក់ (មាន២នាក់នៅព្រហ្មចារី) ទៅជួបភ្ញៀវ៤នាក់នៅរមណីយដ្ឋានបឹងបៃតង ដោយមានភ្ញៀវម្នាក់ព្រមទិញជនរងគ្រោះម្នាក់ដែលមានព្រហ្មចារី ក្នុងតម្លៃ១៥០០ដុល្លារ ហើយបានកក់ប្រាក់១០០០ដុល្លារមុន។

គួររំលឹកថាសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាប់ចោទ ឈ្មោះ អេង បុប្ផា ហៅម៉ោច និងបានជួយ សង្គ្រោះជនរងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប.ស.គ អាយុ១៥ឆ្នាំ ទី២ឈ្មោះ ម.ព.ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស.ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ.ស.ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូត បានលុយ១០០០ដុល្លារ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

សំណុំរឿនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ៕

មតិយោបល់