ភ្នំពេញៈ អំពើហិង្សាមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ត្រង់ក្បាល កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈាង គឹមស្រ៊ាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះប៊ុត លីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងមិត្តភក្តិ បានទៅសួរជនរងគ្រោះពីរឿងវាយប្អូនគាត់ ពេលនោះជនរងគ្រោះ បានឈ្លោះប្រកែកជាមួយមិត្តភក្តិជនសង្ស័យ ចំណែកជនសង្ស័យក៏រត់ទៅ យកដាវមកកាប់ជនរងគ្រោះចំក្បាលបណ្តាលឲ្យរបួសធ្ងន់។ ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់ទីកន្លែង ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមានដាវមួយ បញ្ជូនមកប៉ុស្តិ៍ធ្វើការសាកសួរ ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់