ព័ត៌មានជាតិ

លោកយាយកម្សត់ម្នាក់ ចិញ្ចឹមចៅតូចៗ ចំនួន៦នាក់ រស់នៅក្នុងសភាពតោកយ៉ាកទីទាល់ក្រ

កំពង់ធំ : ភាពទី ទាល់ក្ររបស់លោកយាយ ឈ្មោះ កែវ ស៊ុន អាយុ៧៨ ឆ្នាំ មានទីលំនៅ ភូមិសៀមរៀង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឈ្មោះ កែវ ស៊ុន ទីទាល់ក្រ រស់នៅក្នុងផ្ទះតូច ៤គុណ៣ ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស្លឹក ដែលមានសភាពធ្លុះធ្លាយ មើលពីម្ខាងឃើញដល់ម្ខាង រស់នៅកំព្រា ដោយកូនប្រសារនៅជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ពីបទល្មើសនេសាទ ឆក់ត្រី ឯកូនស្រីបង្កើតរបស់លោកយាយឈ្មោះ ហេង រ៉ុន អាយុ៤០ឆ្នាំ ជាម្ដាយកុមារទាំងនេះ មាន មុខរបរដើរស៊ីឈ្នួលដកដំឡូងឲ្យ គេត្រូវបានស្លាប់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦កន្លងមកនេះ ព្រោះធ្វើការនឿយហត់ ពេក ក្អកធ្លាក់ឈាមស្លាប់បាត់ទៅ។

ជាហេតុនាំឲ្យបន្ទុករបស់លោកយាយកាន់តែធ្ងន់ធ្ងរជាមុន ខណៈលោកយាយពុំ មានមុខរបរហើយចាស់ជរាទៀត ការហូបចុកបានព្រឹក ខ្វះល្ងាច បានល្ងាចខ្វះព្រឹក គួរឲ្យសង្វេគ ឯចៅ៦នាក់តូចៗដែលឪពុកជាប់ឃុំ និងម្ដាយស្លាប់នេះ គឺនៅជាមួយលោកយាយជាអ្នកចិញ្ចឹម ។

លោក យាយ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន យើងដឹងថា សព្វថ្ងៃនេះ លោកយាយលំបាកណាស់ ព្រោះចិញ្ចឹមចៅ៦នាក់ ពីអាយុ១៣ខែ ទៅ ១៦ ឆ្នាំ សូមអំពាវនាវរកសប្បុរសជនឲ្យជួយលោកយាយ ផង ព្រោះលោកយាយគ្មានទីពឹងទេ រកតែលុយទិញ ខោអាវឲ្យចៅស្លៀកទៅរៀនមិនបានផងពេលខ្លះ ចៅមកពីរៀនវិញអត់មានបាយឲ្យចៅហូបផង ។

ឃើញសភាពលំបាកបែនេះ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៦ ក្រោយពេលអ្នកព័ត៌មានចុះទៅយកព័ត៌មានគឺមានអ្នក ជិតខាងបានជួយជាប្រាក់ចំនួន២០ម៉ឺនរៀល។

កាលមុនចូលឆ្នាំខ្មែរនេះលោកយាយធ្លាប់បានដំណើរ ទៅអាជ្ញាធរឲ្យ ជួយអន្តរាគមន៍ និងដោះលែងកូនប្រសារគាត់ឲ្យមករកប្រាក់ចិញ្ចឹមកូនៗ តែមិនឃើញបានលទ្ធផលឡើយ។ ទាក់ទិន និងការក្រខ្សត់ របស់លោកយាយខាងលើ យើងនៅពុំ ទាន់សុំការបំភ្លឺអាជ្ញាធរមូលដ្ឋាននៅឡើយនោះទេ៕Capturea

មតិយោបល់