ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាបានធ្វើការព្រមាននឹងដាក់ឱសាន្តវាតដល់មា្ចស់ទីតាំងសាធារណៈម្ចាស់អាហារដ្ឋានប្រកាសនានា ទុករយៈពេល ៦ខែ គឺតម្រូវឲ្យបិទផ្សាយបំរាម ហាមជក់បារីហើយ បើមិនអនុវត្តន៏តាមទេ ក្រសួងនឹងចុះទៅផាកពិន័យតែម្តង ។
លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៨មេសាកន្លងទៅនេះថា ការទុករយៈពេល៦ខែ សម្រាប់ត្រៀម អនុវត្តន៍ការបិទស្លាកសញ្ញាអំពីការហាមជក់បារី ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នេះ គឺជាពេល វេលាមួយសមរម្យ ដើម្បីឱ្យម្ចាស់អាជីវកម្មម្ចាស់ដឹកជញ្ជូនសាធារណៈ និងម្ចាស់កន្លែងធ្វើការតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូល រួមអនុវត្ដន៍ ឱ្យបានគ្រប់ៗគ្នាក្នុងការជួយអប់រំនិងផ្លាស់ប្ដូរ ឥរិយាបថអ្នកជក់បារី ដែលបង្កផលប៉ះពាល់ដល់សុខភាព អ្នកនៅជុំវិញខ្លួន ។
លោកស្រីបន្តថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលកំពុងរៀបចំប្រកាសដែលចេញកំណត់ដោយរដ្ឋមន្រ្ដីក្រសួងសុខាភិបាលពាក់ព័ន្ធនឹងស្លាកបំរាមនៃការហាមការជក់បារី ដើម្បីបង្ហាញអំពីទំហំ និងរូបរាងជាក់ស្ដែងពិសេសការណែនាំដាក់សារព្រមាន និងបង្ហាញជាគំរូសម្រាប់ផ្ដល់ជូនដល់គ្រប់ស្ថាប័នទាំងអស់យកទៅបិទផ្សាយតាមកន្លែងរបស់ខ្លួន។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ មីនា ២០១៦ ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយឬដាក់បម្រាមអំពី ការហាមជក់បារី នៅតាមផ្លូវចូល និងកន្លែងសមស្របផ្សេងទៀត ដែលឱ្យសាធារណជនអាចមើល ឃើញច្បាស់ ។ក្នុងករណីបំពានលើមាត្រា៩១០និង១១ ម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈ ត្រូវពិន័យអន្តរការជាប្រាក់៥ម៉ឺនរៀល។ ករណីមិនរាងចាលត្រូវពិន័យទ្វេដងហើយសមត្ថកិច្ចនឹងផាកពិន័យ២ម៉ឺនរៀលចំពោះអ្នកជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
ចំពោះការជក់ក្នុងបរិវេណគ្រឹះស្ថានសុខាភិបាលគ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈគ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានវប្បធម៌សាស្រ្ត កន្លែងហាត់ប្រាណ ស្ថានីយប្រេងឥន្ធនៈ និងកន្លែងងាយឆាបឆេះ ក៏ត្រូវហាមឃាត់ដែរ៕
មតិយោបល់