ព័ត៌មានជាតិ

ប្រទះឃើញ​​គ្រាប់​កាំភ្លើងត្បាល់​៨១​ ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ក្រុមជាងសំណង់មួយក្រុមកំពុងជីកដីធ្វើបង្គន់អនាម័យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងត្បាល់៨១ មួយគ្រាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រួចបានរាយការណ៍ជូនសមត្ថកិច្ចឲ្យមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុក ដើម្បីបញ្ចៀសគ្រោះថ្នាក់។

ក្រុមជាងសំណង់ ជីកដីធ្វើបង្គន់នៅទីនោះបានឲ្យដឹងថា នៅពេលកំពុងជីកដី បាន២ទៅ៣ចបប៉ុណ្ណោះ ក៏កាប់ត្រូវគ្រាប់ត្បាល់៨១ ពេលឃើញដូច្នេះ ក្រុមជាងបានរាយការណ៍ទៅថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីមកពិនិត្យមើល ហើយបានរាយការណ៍ទៅមន្ត្រីស៊ីម៉ាក ខេត្តកំពង់ឆ្នាំងឲ្យចុះមកយកគ្រាប់នេះយកទៅរក្សាទុកតាមជំនាញបញ្ចៀសគ្រោះថ្នាក់នៅក្នុងមន្ទីរពេទ្យខេត្ត។

មន្ត្រីស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រាប់កាំភ្លើង ដែលជាងសំណង់ជីកប្រទះឃើញនេះ ជាបេប្រភេទកាំភ្លើងត្បាល់៨១ ផលិតនៅប្រទេសអាមេរិក ដែលនៅសល់តាំងពីជំនាន់សម័យសង្គ្រាម ហើយគ្រាប់នៅមានគុណភាពនឹងអាចផ្ទុះបាន ទោះបីជាមានសភាពច្រេះចាប់យ៉ាងណាក៏ដោយ។ ក្រោយពីពិនិត្យរួចមកមន្ត្រីស៊ីម៉ាកក៏បានយកគ្រាប់ត្បាល់នេះ យកទៅរក្សាទុកនៅក្នុងមជ្ឈមណ្ឌលស៊ីម៉ាក ខេត្តកំពង់ឆ្នាំង ដើម្បីទុកដុតកម្ទេចចោល៕

b-81-1b-81-2b-81-3

មតិយោបល់