ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ និងភាពរាំងស្ងួត ធ្វើឲ្យសត្វស្វាងាប់ជាច្រើនក្បាល

បាត់ដំបង : សត្វស្វាខ្មៅប្រមាណជាង៣០ក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្នុងសហគមន៍ ប្រទះឃើញដេកងាប់ជាហូរហែ ទាំងនៅលើដីបែកក្រហែង ក៏ដូចជានៅតាមមែក ឈើ ផងដែរ។

សត្វស្វាទាំងនេះ បាននាំគ្នារត់គេចពីតំបន់ភ្លើងឆេះព្រៃហើយ មករស់នៅកន្លែងដែលគ្មានទឹកមួយតំណក់ថែមទៀត ទើបធ្វើឲ្យពួកវាដេកងាប់យ៉ាងវេទនា បើទោះបីជាខាងសហគមន៍បាននាំគ្នាជីកដីបង្កើតជាថ្លុក និងបឹងសិប្បនិម្មិតក៏ដោយ ។

នៅក្នុងរយៈពេលពីរថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០១៦ គឺនៅក្នុងតំបន់អតីតព្រៃលិចទឹកជាដែនជំរកត្រីពង និងជាជំរកសត្វគ្រប់ប្រភេទផង ដែល នៅពេលនេះ បានក្លាយទៅជាតំបន់មួយពោរពេញដោយភាពរាំងស្ងួត ដីបែកក្រហែង សូម្បីតែថ្លុក ត្រពាំង បឹងបួរតូចៗពីមុនធ្លាប់តែមានទឹកនោះ បានប្រែក្លាយទៅជាដីក្រៀមក្រហែងគ្មានសល់ឡើយ ។

យោងតាមប្រភពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ស្តីក្រោម និង រហាលសួង បានបញ្ជាក់ថា មួយរយៈនេះនៅក្នុងតំបន់វាលដូនអំ ដែលជាដែនជំរកសត្វនានា គឺមាន ភ្លើងឆេះព្រៃជាញឹកញាប់ ដែលបញ្ហានេះគឺអាចបណ្តាលមកពីក្រុមដើររុករកឃ្មុំ ដែលពួកគេ តែងតែប្រើប្រាស់គប់ភ្លើង ម្យ៉ាងដោយសារតែរដូវនេះស្លឹកឈើក្រៀមស្ងួតផងទើបធ្វើឲ្យភ្លើងងាយនឹងឆេះជាទីបំផុត ។

ប្រភព ដដែលបានបន្តថា ដោយសារតែការឆាបឆេះព្រៃនេះបានកើតមានឡើងជាញឹកញាប់ខ្លាំងពេក ទើបក្រុមស្វាខ្មៅតូចៗ បាននាំគ្នាភៀសខ្លួនចេញពីតំបន់ដែលមានភ្លើងឆេះ ដោយសម្រុកមកនៅក្នុងតំបន់បឹងស្នោ បឹងរណ្តៅគ្រាប់បែក និងបឹងគ្រោះជាដើម។ល។ ប៉ុន្តែទីនេះ ក៏មិនខុសពីទីតាំងមុនៗដែរ ដោយសារតែកំដៅក្តៅខ្លាំងផង ហើយទឹកនៅតាម ត្រពាំងតូចៗក៏ត្រូវរីងស្ងួតអស់ផងនោះ ទើបធ្វើឲ្យសត្វស្វាទាំងនេះត្រូវបានដាច់អាហារ និងទឹក ហើយក៏បានស្លាប់ជាបន្តបន្ទាប់ ។

ដោយសារតែមានការព្រួយបារម្ភ អំពីការស្លាប់របស់សត្វស្វាទាំងនេះ ទើបនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាថ្នាក់ដឹកនាំក្នុងតំបន់ បានរួមគ្នាចុះទៅកាន់ តំបន់រាំងស្ងួតគ្មានទឹកនោះ ដើម្បីកាប់ដីរៀបចំក្រាលកៅស៊ូធ្វើជា ថ្លុក និងបឹងសិប្បនិម្មិត ព្រមទាំងបានដឹកទឹកយកមកចាក់ចូលដើម្បីឲ្យសត្វស្វាដទៃទៀតបាននាំគ្នាមកផឹកផងដែរ ជៀសវាងនូវការស្លាប់បន្ថែមទៀតរបស់ពូជសត្វស្វាខ្មៅទាំងនេះ៕

photo_2016-04-29_13-14-02 photo_2016-04-29_13-14-07 photo_2016-04-29_13-14-12 photo_2016-04-29_13-14-17

មតិយោបល់