ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ឫស្សីកែវ សហការជាមួយប្រជាការពារសង្កាត់ និងកម្លាំងល្បាតខណ្ឌតាមឃាត់ខ្លួនបានភ្លាមៗ ខណៈដែលរូបគេបានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាជិះម៉ូតូមួយគ្រឿង ម៉ាក Fino ពាក់ស្លាកលេខ ភ្នំពេញ 1BL-7941 មានគ្នា ៣នាក់ទៅចូលរួមពិធីមង្គលការគេ ខណៈពេលដែលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក Step បានធ្វើសកម្មភាពឆក់យកកាបូបដៃពីជនរងគ្រោះ បណ្តាលឲ្យដួលរងរបួស ស្របពេលនោះដែល កម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ និងប្រជាការពារកំពុងតែចេញសកម្មភាពល្បាតបានជួយធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ រីឯគ្នាម្នាក់ទៀតបានបើកម៉ូតូរត់គេចបាត់។
លោក តូច គឹមសុង បានបន្តទៀតថា ជនសង្ស័យឈ្មោះ ទួន រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២២៥៤ ផ្លូវលេខ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ។ ចំណែកឯជនរងគ្រោះទាំង ៣នាក់ ទី១-ឈ្មោះ នួន សេងយន់ ភេទស្រី អាយុ ៦៨ឆ្នាំ ទី២-ឈ្មោះ នួន ណារុន ភេទស្រី អាយុ ៣២ឆ្នាំ និងទី៣-ឈ្មោះ ខេមរា សុម៉ាវតី ភេទស្រី អាយុ ៦ឆ្នាំ បច្ចុប្បន្នអ្នកទាំង ៣នាក់ មានទីលំនៅផ្ទះលេខ៩៩ ផ្លូវបេតុង ក្រុម៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងស្ថិតក្រោមចំណាត់ការនគរបាលប៉ុស្តិ៍ឫស្សីកែវ ដើម្បីសាកសួរ និងបន្តស្រាវជ្រាវចាប់បក្ខពួកដែលនៅសេសសល់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់