ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ រហូតដល់សន្លប់ឈឹង បន្ទាប់ពីជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរ រងរបួសស្រាល តែដោយសារភាគីម្ខាងទៀត ដែលជាអ្នកបង្កបាននាំគ្នាព្រួតគ្នាដេញវាយជនរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឲ្យសន្លប់ឈឹង ហើយក្រុមបង្កហិង្សាបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៨ និង៤៥នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅពាក់ស្លាក់ ភ្នំពេញ 1BE-2359 បើកបរក្នុងទិសដៅពីត្បូងទៅជើង ជិះម្នាក់ឯង មិនដឹងអត្តសញ្ញាណនៅឡើយ ត្រូវបានគេហៅរថយន្ដសង្គ្រោះមកដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុគេឃើញម៉ូតូបង្កជិះគ្នា២នាក់ បើកឆ្លងផ្លូវក្នុងទិសដៅលិចកើតហើយបុកម៉ូតូរងគ្រោះបណ្តាលឲ្យរងរបួសស្រាល បន្ទាប់មកភាគី ម៉ូតូបង្កបានវាយទៅលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះសន្លប់ស្ដូកស្ដឹង បន្ទាប់មកភាគីបង្កបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែល បានបន្តទៀតថា ខណៈពេលដែលជនរងគ្រោះបានដួលភាគីខាងម៉ូតូបង្កបានឈ្លោះជាមួយ ជនរងគ្រោះដោយចោទប្រកាន់ថាជនរងគ្រោះជាអ្នកបុកទៅវិញទើបបង្កឲ្យមានទំនាស់និងគ្នា ហើយដោយសារភាគីបង្កមានគ្នា២នាក់ និងគ្មានអ្នកឈរមើលផងនោះ ក៏នាំគ្នាព្រួតវាយជនរងគ្រោះតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ។ ចំណែកម៉ូតូត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍ រដ្ឋបាលចោមចៅ រង់ចាំធ្វើការស្រាវជ្រាវក្រែងអាចរកជនបង្កឃើញមកដោះស្រាយតាមច្បាប់៕


មតិយោបល់