ភ្នំពេញៈ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាស្តីពី ការវះកាត់ជំងឺមហារីកថ្លើម និងដុំក្នុងខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមានការចូលពីសំណាក់វេជ្ជបណ្ឌិតជំនាញៗជាច្រើនរូប។
លោកវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺលើកយកតែការអភិវឌ្ឍន៍លឿនចុងក្រោយ នៅលើសកលលោកយកមកនិយាយដូចជា ការវះកាត់ខួរក្បាល ដោយគ្រាន់តែចោះរន្ធតូច និងការវះកាត់មហារីកថ្លើម ដែលជាបច្ចេកទេសចុងក្រោយរបស់សកលលោក។
លោកវេជ្ជបណ្ឌិតបានបន្តថា “ការលើកយកជំងឺទាំងពីរនេះ មកពិភាក្សាក្នុងសិក្ខាសាលានេះ គឺជាបច្ចុប្បន្នភាពនៃប្រទេសដែលមានការអភិវឌ្ឍន៍ ក្នុងនោះក៏មានជំងឺថ្មីៗ ដែលស្រាវជ្រាវកាន់តែជឿនលឿនទៅ គឺយើងអាចឃើញ នឹងធ្វើការទប់ស្កាត់បានកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា ដូចជា ជំងឺមហារីកក្នុងខួរក្បាល ជំងឺសរសៃឈាមក្នុងខួរក្បាល ដែលជាជំងឺយើងទាមទារការស្រាវជ្រាវឲ្យទាន់ពេលវេលា ដោះស្រាយឲ្យទាន់ពេលវេលា ហើយវាជាបច្ចុប្បន្នភាពមួយ” ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា បន្ទាប់ពីសិក្ខាសាលានេះ នឹងធ្វើការវាយតម្លៃនូវការអនុវត្ត ន៍ដែលជាលទ្ធផលនៃសិក្ខាសាលានេះ ហើយនឹងមានជាគ្រូពេទ្យជំនាញ អាចមកអនុវត្តជាក់ស្ដែងនូវកិច្ចការនេះ ប្រហែលជា២ទៅ៣សប្តាហ៍ខាងមុខនេះ ដែលអាចធ្វើទៅបាន៕
មតិយោបល់