ពោធិ៍សាត់ៈ អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ តាមតំបន់ជនបទដាច់ស្រយាល អតីតនៃកន្លែងសមរភូមិក្ដៅពីសម័យសង្គ្រាម នៅតែបន្តគំរាមកំហែង ដល់ជីវិតប្រជាពលរដ្ឋកម្ពុជា យើងដដែល បើទោះជាខាងមន្ត្រីអង្គភាពកម្ចាត់មីននៅកម្ពុជាជាអង្គការដៃគូព្យាយាម ដោះបាន ច្រើនយ៉ាងណាក៏ដោយ ក៏គ្រាប់នោះមិនទាន់អស់ដែរ ដោយសាវាច្រើនលើសលប់ពេក។
ជាក់ស្ដែងគ្រាន់តែតំបន់អតីតយុត្តិសាស្ត្រសមរភូមិក្ដៅមួយកន្លែង ក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ រយៈពេលតែជិត១០ថ្ងៃសោះ ក្នុងខែតុលា ឆ្នាំ២០១៦នេះ រដ្ឋបាលប៉ុស្តិ៍នគរបាល មូលដ្ឋានជាមួយនឹងអង្គការ ហេឡូ ត្រាស់ (Hello trace) បានដើរប្រមូលគ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាម ដែលនៅមានគុណភាពឆក់យកជីវិតពលរដ្ឋរហូតដល់៦៥គ្រាប់ឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក រ៉ង សុវណ្ណរឿន នាយប៉ុស្តិ៍រដ្ឋបាលតាលោ។
លោកបានបន្តថា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ រយៈពេលមិនដល់១០ថ្ងៃផង ខាងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានយើង បានសហការជាមួយអង្គការ (Hello trace) ដើរប្រមូលគ្រាប់មិនទាន់ផ្ទុះតែមួយឃុំនេះសោះ ដែលមាន០៧ភូមិក្នុងនោះមានភូមិ តាលោ, បោគរ,ព្រៃកន្ទួត,បឹងកក់,តាំងគោក,សំសាន្តនិងភូមិប្រហាល ស្ថិតក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចំនួនដល់ទៅ៦៥គ្រាប់អីណោះ ដែលនៅតាមព្រៃរបោះ ស្រែចម្ការ និងតាមភូមិក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ប្រទះឃើញរាយការណ៍ជូនយើងឲ្យដឹងដើម្បីទៅប្រមូលកម្ទេចចោល។
លោកមេប៉ុស្តិ៍ រូបនេះបន្តថា គ្រាប់មិនទាន់ផ្ទុះចំនួន៦៥គ្រាប់ទាំងនោះមានប្រភេទទី១. គ្រាប់ប្រភេទ ម៉ូទ័រ៦០ មិល្លីម៉ែត្រ, ២.គ្រាប់ប្រភេទ T69 មិល្លីម៉ែត្រ ចំនួន០៨គ្រាប់ ,៣.គ្រាប់ប្រភេទ៦០ មិល្លីម៉ែត្រ ចំនួន១១គ្រាប់,៤.គ្រាប់ប្រភេទ៧២A មិល្លីម៉ែត្រ ចំនួន០៣គ្រាប់ ,៥.គ្រាប់ប្រភេទ ម៉ូទ័រ៨២ មិល្លីម៉ែត្រ ចំនួន០១គ្រាប់ ,៦.គ្រាប់ប្រភេទ P៦៧ មិល្លីម៉ែត្រចំនួន១៧គ្រាប់,៧.គ្រាប់ប្រភេទ P៦២ មិល្លីម៉ែត្រ០២គ្រាប់ ,៨.គ្រាប់ប្រភេទ R៦០៥ មិល្លីម៉ែត្រចំនួន០១គ្រាប់,៩.គ្រាប់ប្រភេទ៨២ មិល្លីម៉ែត្រចំនួន១០គ្រាប់ ,១០.គ្រាប់ប្រភេទ F១ មិល្លីម៉ែត្រ០១គ្រាប់ ,១១.គ្រាប់ប្រភេទ ៨២.២ មិល្លីម៉ែត្រចំនួន០២គ្រាប់,១២.គ្រាប់ប្រភេទB៤០ មិល្លីម៉ែត្រចំនួន៣គ្រាប់ ទី១៣.គ្រាប់ប្រភេទM៤៦ មិល្លីម៉ែត្រចំនួន០២គ្រាប់និងទី១៤. ប្រភេទគ្រាប់ B៤៩៥ មិល្លីម៉ែត្រចំនួន០៣គ្រាប់។ គ្រាប់មិនទាន់ផ្ទុះសល់ពីអតីតសម័យសង្គ្រាមទាំងនេះ សុទ្ធតែនៅមានអនុភាពឆក់យកជីវិតមនុស្ស និងសត្វបានគ្រប់ពេល ហើយពេលនេះ ខាងនគរបាលមូលដ្ឋាន និងអង្គការ (Hello trace) បានកម្ទេចចោល នៅនឹងកន្លែងអស់តែម្ដង។
ជាមួយគ្នានោះដែរខាងអង្គការ (Hello trace) និងអាជ្ញាធរមូលដ្ឋានក៏ដូចជាអង្គភាពមន្ត្រីស៊ីម៉ាក់ កម្ចាត់មីននៅប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងខ្លាំង ដែលបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទាំងនេះ ហើយរាយការណ៍មកសមត្ថកិច្ចដែលពាក់ព័ន្ធទាន់ពេលដើម្បីចុះប្រមូលកម្ទេចចោល ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា សូមកុំប៉ះពាល់ឲ្យសោះ ត្រូវប្រញាប់បន្តរាយការណ៍សហការដល់សមត្ថកិច្ច និងអាជ្ញាធរនៅជិតខ្លួនបន្ថែមទៀត។ ពេលដែលប្រទះឃើញគ្រាប់ទាំងនេះ ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន និងសត្វពាហនៈជាយថាហេតុ។
សូមបញ្ជាក់ផងដែរថា ៖ អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ វាបានបន្សល់ទុកអតីតសម័យសង្គ្រាមយូរឆ្នាំមកហើយ ជាពិសេសគឺសង្គ្រាមអាមេរិក និងវៀតណាម ដោយកងទ័ពសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីប្រទេសកម្ពុជាយើងជិត៣លានតោន គ្រាប់បែកចង្កោមជិត៣០លានគ្រាប់ និងគ្រាប់បែកគីមី CSជាដើម។ល។ ហើយវាបានអូសបន្លាយរហូត ដល់សង្គ្រាមត្រជាក់នៃរបបខ្មែរក្រហម កាន់កាប់ជិត០៤ឆ្នាំទៀត ហើយក្នុងនោះ តំបន់សមរភូមិក្ដៅ មួយចំនួនក្នុងទឹកដីខេត្តពោធិ៍សាត់ គ្រាប់មិនទាន់ផ្ទុះក៏នៅសេសសល់មិនតិចដែរ ក្នុងចំណោមរាជធានីខេត្តទូទាំងប្រទេស។
បើយោងតាមអាជ្ញាធរមីនកម្ពុជា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនថា ៖ កម្ពុជាត្រូវការទឹកប្រាក់ប្រមាណ៤៥៥ លានដុល្លារអាមេរិក ដើម្បីសម្អាតគ្រាប់មិនទាន់ផ្ទុះរហូតដល់ឆ្នាំ២០១៩។ ដោយឡែកក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០១៦នេះ មានមនុស្សស្លាប់ និងរបួសដោយសារគ្រប់មីន ចំនួន ៥៩ នាក់។ ដោយឡែកផ្ទៃដី ដែលនៅសេសសល់ទាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនជាង ២ពាន់ម៉ែត្រក្រឡា៕
មតិយោបល់