ព្រៃវែងៈ ស្រ្តីវ័យជាង៤០ឆ្នាំ រួមជាមួយកូនប្រុស និងប្អូនប្រុសម្នាក់បានមកយំស្រែកនៅក្នុងបរិវេនតុលាការខេត្តព្រៃវែង ក្នុងករណីឃាតកម្មលើប្តីរបស់គាត់ ដែលត្រូវបានក្រុមក្មេងស្ទាវចាក់សម្លាប់យ៉ាងសាហាវឃោរឃៅ ហើយសំណុំរឿងនេះ ត្រូវគាំងជិត២ឆ្នាំទៅហើយ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។ ស្ត្រីរូបនេះ បានចោទប្រកាន់ថា តុលាការខេត្តព្រៃវែងមិនបានចាត់ការសំណុំរឿងប្តីរបស់គាត់ដែលត្រូវក្រុមក្មេងទំនើងចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅពីមុខផ្ទះរបស់គាត់នោះឡើយ។
អ្នកស្រី អឿន សិត អាយុ៤៥ឆ្នាំ ដែលមានទីលំនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់សារព័ត៌មានឲ្យដឹងថា ប្ដីរបស់គាត់ត្រូវបានក្រុមក្មេងស្ទាវ១ក្រុមបានចាក់សម្លាប់កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅក្នុងកម្មវិធី ហែរជំនូនកូនស្រីគាត់ស្ថិតនៅភូមិខាងលើ។ ហើយក្រោយពេលកើតហេតុ ក្រុមជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់អស់ តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជាច្រើននាក់រួមទាំងនាក់ពាក់ព័ន្ធផងដែរ។ ស្រ្តីខាងលើបានបន្តថា អ្វីដែលធ្វើឲ្យគាត់ហួសចិត្តនឹងទប់អារម្មណ៍ទ្រហ៊ោយំនោះ គឺតុលាការខេត្តព្រៃវែងអយុត្តិធម៌សម្រាប់គាត់ណាស់ រយៈពេលជិត២ឆ្នាំទៅហើយ ដែលតុលាការមិនមានចំណាត់ការលើបណ្ដឹងគាត់នោះទេ ខណៈក្រុមជនដៃដល់ចេញចូលផ្ទះជាញឹកញាប់ ហើយសមត្ថកិច្ចបានប្រាប់គាត់ថា ក្រុមជនដៃដល់ទាំងនោះ មិនទាន់មានដីការចាប់ខ្លួន។ គាត់បានរៀបរាប់ទាំងទឹកភ្នែកហូរលើថ្ពាល់ថា ប្ដីរបស់គាត់ជាមេគ្រួសារ និងជាអ្នករកស៊ី ផ្គត់ផ្គង់គ្រួសារ តែត្រូវឃាតករសម្លាប់យ៉ាងព្រៃផ្សៃ ហើយតុលាការមិនរកយុត្តិធម៌ឲ្យគាត់។
ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកញឹក រ៉ាន្នី អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងថា សុំណុំរឿងខាងលើ គឺចៅក្រម លោក តាក់ គីមសៀ អ្នកស៊ើបសួរ ក៏ទទួលស្គាល់ដែរថា សុំណុំរឿងនេះគាំងមែន តែពេលនេះចាត់ការហើយ និងរៀបចំរុញទៅជម្រះ។ ឯលោក តាក់ គីមសៀ មិនអាចសុំការបំភ្លឺបានទេជុំវិញ ករណីមិនប្រក្រតីមួយចំនួនលើការស៊ើបសួរ និងរឿងត្រូវអូសបន្លាយនេះ។ ហើយសមត្ថកិច្ចមូលដ្ឋាន និងស្ដ្រីម្ចាស់បណ្ដឹង បានអះអាងថា ពួកគាត់ មិនដែលឃើញលោក តាក់ គីមសៀ ចេញដីការហៅសាមីខ្លួនមកបំភ្លឺដើម្បីស៊ើបសួរឡើយ ឯដីការចាប់ក៏គ្មាន។
សូមបញ្ជាក់ផងដែរថា ក្រោយពេលស្ដ្រីម្នាក់បានយំសោកជាមួយប្អូន និងកូនក្នុងតុលាការ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា នោះមក ស្រាប់តែព្រឹកទី២០ ខែតុលា ដីការចាប់ជនសង្ស័យ បានមកដល់ស្នងការខេត្តដូចជាប្រញាប់ប្រញ៉ាល់ ដោយមានស្នាមកោសលុបលើលេខសុំណុំរឿង និងលេខស៊ើបសួរ។ ដីការនេះ ត្រូវបានគេសង្ស័យថា ទើបនឹងធ្វើដើម្បីយករួចខ្លួន ក្រោយពេលមានរឿង និងទំនងដាក់ថ្ងៃខែបំភ្លើស ថាដីការចេញតាំងពីថ្ងៃទី២៣ ខែសីហាម្លេះ។ តែទោះយ៉ាងណា លោកឧត្ដមសេនីយ៍ត្រី ស្រេង ជាស្នងការខេត្ត បានបញ្ជាក់ថា ដីការចាប់ទើបមកដល់ស្នងការនៅព្រឹកទី២០ ខែតុលានេះទេ។
ចៅក្រមស៊ើបសួរនៃបទល្មើសព្រហ្មទណ្ឌ គឺមានតួនាទីស៊ើបសួរឲ្យបានគ្រប់ជ្រុងជ្រោយ បើជនត្រូវចោទនៅក្រៅឃុំ ឬរត់គេច ចៅក្រមត្រូវចេញដីការនាំ ឬចាប់ដើម្បីបានចម្លើយ ក្នុងការស៊ើបសួរ ឯខាងជនរងគ្រោះត្រូវហៅគាត់មកបំភ្លឺ និងសាក្សី ឬការសំណូមពរ ដើម្បីបង្គ្រប់នីតិវិធី ក្នុងការស៊ើបសួរ តែករណីនេះ ស្ដ្រីម្ចាស់បណ្ដឹងបានអះអាងថា ចៅក្រមមិនដែលកោះហៅគាត់ ឬសាក្សីឲ្យចូលបំភ្លឺ និងសំណូមពរអ្វីនោះឡើយ។ ដោយឡែក អ្នកនាំពាក្យសាលាដំបូងខេត្ត និងក្រឡាបញ្ជី បានអះអាងថា បានស៊ើបសួររួចរាល់ហើយ និងចេញដីការចាប់ទៀតផង ហើយរៀបចំរុញទៅជម្រះ។ ទោះជាយ៉ាងណាសំណុំរឿងមួយនេះគឺមានភាពមិនប្រក្រតីជាច្រើន ដូចនេះសូមលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យប្រព័ន្ធតុលាការនៅខេត្តព្រៃវែងនេះផង ដើម្បីកុំឲ្យរាស្ត្រនៅខេត្តមួយនេះជួបប្រទះរឿងអយុត្តិធម៌ច្រើនពេក៕
https://youtu.be/kOGV60OvVwE
មតិយោបល់