ព័ត៌មានជាតិ

អាជ្ញាធរស្រុកអូរយ៉ាដាវ ដាក់ប្រព័ន្ធលូបង្ហូរទឹកជូនប្រជាពលរដ្ឋ

រតនគិរី: ប្រជាពលរដ្ឋភូមិគង ឃុំបាតេ ស្រុកអូរយ៉ាដាវ រិះគន់ទៅលើលោកមេឃុំថា យកលុយពួកគាត់ចំនួន៤លានរៀលទៅដោយមិនបានធ្វើអ្វីសោះ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីបេក្ខជនពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី បានដឹកនាំគណ:ប្រតិភូ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។

ប្រជាពលរដ្ឋបានលើកឡើងថា ពេលកន្លងទៅនៅក្នុងភូមិពួកគាត់មានគម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែក្រាលគ្រួសក្រហម ហើយថវិការមិនគ្រប់សម្រាប់ដាក់លូបង្ហូរទឹក ទើបរៃលុយប្រជាពលរដ្ឋចំនួន៥ម៉ឺនរៀលក្នុងមួយគ្រួសារ ដើម្បីយកលុយនេះទៅទិញលូចំនួន ៨កង់ ដាក់បង្ហូរទឹក លុយដែលរៃបានចំនួន ៥លានរៀល ហើយលោកមេឃុំ យកទៅអស់ចំនួន៤លានរៀល ថាទៅទិញលូ ប៉ុន្តែយូរខែហើយ មិនឃើញយកលូមកដាក់ទាល់តែសោះ ម្យ៉ាងទៀតពួកគាត់ខ្លាចទឹកហូរកាត់កន្លែងដែលត្រូវដាក់លូ ព្រោះទឹកហូរខ្លាំងច្រោះដាច់ជាបណ្តើរៗហើយ។

ចំពោះបញ្ហាលូបង្ហូរទឹកនេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចហើយ ដោយមិនឲ្យប្រជាពលរដ្ឋចេញលុយសំរាប់ទិញលូនេះតទៅទៀតទេ។ ឯកឧត្តមព្រមទាំងក្រុមការងារបានជួលគ្រឿងចក្រ ទៅកកាយដាក់លូជូនប្រជាពលរដ្ឋរួចរាល់ នៅថ្ងៃទី១៦ម្សិលមិញនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៍បានសន្យារជាមួយប្រជាពលរដ្ឋឃុំបាតេថា នឹងធ្វើប្រឡាយធារាសាស្ត្រមួយខ្សែប្រវែងជាង៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការប្រកបរបរធ្វើស្រែ និងដើម្បីស្រោចស្របដំណាំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អ្នកយកព័ត៌មានមិនអាចសុំការពន្យល់បានទេ ពីលោក រម៉ាម យូត មេឃុំបាតេ ដោយទូរសព្ទចូលពុំមានអ្នកទទួល៕

ដាក់ប្រព័ន្ធលូ

ដាក់ប្រព័ន្ធលូ

ដាក់ប្រព័ន្ធលូ

ដាក់ប្រព័ន្ធលូ

មតិយោបល់