ភ្នំពេញៈ ក្រុមចោរប្លន់ប្រុសស្រី៦នាក់ ត្រូវបានលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធករណីប្លន់ជាច្រើនករណីនៅក្នុងរាជធានីភ្នំពេញ។
ជនជាប់ចោទ នៃសំណុំរឿងរួមមាន ទី១ឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង ភេទប្រុស អាយុ២២ឆ្នាំ។ ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៤ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ ២១ឆ្នាំ។ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំនិងទី៦ឈ្មោះ អេង អារីពីន ភេទប្រុស (បានរត់គេចខ្លួន)។
ជនជាប់ទាំងអស់ត្រូវបានលោក ខាំ សុផារី តំណាងអយ្យការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ប្លន់យកម៉ូតូម៉ាក MSX បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៦០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនៅព្រឹកនេះ ជនជាប់ចោទទាំងអស់សុទ្ធតែឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្ត ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
គួរបញ្ជាក់ថា ជនជាប់ចោទទាំងអស់កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានតុលាការកាត់ទោសពីបទលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌផងដែរ។
ទោះជាយ៉ាងណាតុលាការបានសម្រេចបន្តសវនាការកាត់ក្តីលើជនជាប់ចោទទាំងអស់បន្តទៀតនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/hTPcnrPcS9k
មតិយោបល់