ភ្នំពេញៈ ខណៈដែលខ្សែរឿង«នាងនាថបាត់ដំបង»របស់ប៉ុស្ដិ៍លេខ៥ រៀបនឹងនឹងចាប់ផ្ដើមចេញថតផ្លូវការ តារាសម្ដែងល្បីឈ្មោះនាងនី មុន្នីនាថ បានអះអាងថា ព្រលឹងនាងនាថពិតប្រាកកដ បានមកលេងបន្លាចរូបនាងមែនទែន។ ជាក់ស្ដែងគ្រាន់តែនាងបញ្ចប់ថតឈុតខ្លះៗ ដើម្បីឲ្យប៉ុស្ដិ៍លេខ៥យកមកចាក់មើលមុនពេលចេញថតផ្លូវការ ស្រាប់តែព្រលឹងនាងនាថមែនទែន បង្ហាញខ្លួននៅចំពោះមុខនាងស្រស់ៗតែម្ដង។
នី មុន្នីនាថ និយាយថាប្រមាណជាច្រើនថ្ងៃមុន ក្រុមការងារប៉ុស្ដិ៍លេខ៥ថៃបានហៅនាងថាទៅថតឈុតខ្លះក្នុងរឿង«នាងនាថបាត់ដំបង»ដូចជាឈុតឈរចាំប្ដីនៅកំពង់ទឹក ឈុតកើតកូនមិនរួច និងឈុតគោះអង្រែលើផ្ទះដើម្បីលងអ្នកភូមិជាដើម ដើម្បីយកឈុតទាំងនោះមកធ្វើជាស្ពតសម្រាប់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងសម្រាប់ទុកចាក់បង្ហាញថាបុស្ដិ៍លេខ៥នឹងថតរឿងភាគនេះក្នុងពេលឆាប់ៗ។ លុះដល់ថ្ងៃទី១៥ តុលា ព្រលឹងនាងនាថក៏មកបង្ហាញខ្លួនឲ្យនាងឃើញស្រស់ៗនូវឈុតដែលនាងបានសម្ដែងខ្លះៗនោះតែម្ដង។
នាងថាព្រលឹងដែលនាងបានជួបនោះ មិនមែនយល់សប្ដិ និងគេងមមើទេ តែជាការមើលឃើញពិតៗក្នុងពេលដែលស្ថិតនៅក្នុងបន្ទប់ម្នាក់ឯង ក្នុងពេលមិនទាន់សម្រាកនោះតែម្ដង។ នាងថាព្រលឹងនារីនោះ គឺនាងដឹងថាជាព្រលឹងនាងនាថ ដោយសារតែការតុបតែងកាយទាំងក្បិន និងគ្រឿងនៅជាប់ខ្លួន គឺដូចជាតួអង្គនាងនាថ ដែលគេយកមកសម្ដែងនៅក្នុងភាពយន្ត និងសៀវភៅឯកសារទាំងអស់។ ម្យ៉ាងមកពីមុនចេញថតឈុតខ្លះក្នុងរឿង«នាងនាថបាត់ដំបង» នាងបានទៅអុជធូបសំពះរូបសំណាកម៉ែណាត ឬហៅថានាងនាថរបស់ថៃនោះផង ទើបនាងដឹងថាព្រលឹងដែលមកបង្ហាញខ្លួនឲ្យនាងបានឃើញនោះគឺជាព្រលឹងនាងនាថ។ នាងថាគ្រាន់តែបានឃើញភ្លាមមិនហ៊ានបើកភ្នែកនោះទេ គឺប្រឹងយកដៃខ្ទប់មុខ លុះដល់បើកភ្នែកម្ដងទៀតក៏នៅតែបានឃើញទៀត។ ថ្វីដ្បិតតែព្រលឹងនោះមិនធ្វើឲ្យនាងភិតភ័យ តែនាងប្រាប់ថានៅតែមានអារម្មណ៍តក់ស្លុត ជាពិសេសក្នុងពេលព្រលឹងនាងនាថអង្គុយស្រស់ៗទម្លាក់សក់វែង និងមួយសន្ទុះក៏បាត់ ហើយបង្ហាញខ្លួនម្ដងទៀតដោយមានកាន់អង្រែដូចឈុតដែលខាងផលិតករថៃតម្រូវឲ្យនាងសម្ដែងក្នុងរឿង។ នាងថាខ្លួនបានអុជធូបច្រើនលើកទើបព្រលឹងនាងនាថឈប់បង្ហាញ ហើយធ្វើឲ្យនាងនៅតែចងចាំរាល់ពេលនឹកឃើញ។ យ៉ាងណាមិញ នាងមិនចាត់ទុកថាព្រលឹងនាងនាថមកលងបន្លាចនោះទេ គឺនាងយល់ថាព្រលឹងនាងនាថគ្រាន់តែមកលេង បន្ទាប់ពីបានដឹងថានាងបានសម្ដែងជាតួអង្គនាងនាថក្នុងរឿង«នាងនាថបាត់ដំបង»ក្នុងពេលឆាប់ប៉ុណ្ណោះ។
ផលិតករថៃបានអះអាងថា ខ្សែរឿង«នាងនាថបាត់ដំបង» នឹងត្រូវចេញថតនៅចុងខែវិច្ឆិកាខាងមុខ ដោយរឿងមួយនេះមានការរំពឹងយ៉ាងខ្លាំងថានឹងជោគជ័យក្នុងពេលចាក់ផ្សាយ ដោយសារតែរឿងនាងនាថជាប្រភេទភាពយន្តខ្នាតធំ មានភាពល្បីល្បាញទាំងនៅកម្ពុជា និងថៃ៕
https://youtu.be/l8tKiU_Vwgk
មតិយោបល់