ព័ត៌មានជាតិ

ជិះរម៉កកង់បីជាមួយក្រុមគ្រួសារត្រូវបានចោរធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច

ភ្នំពេញ: ស្ត្រីម្នាក់ ខណ:ជិះរម៉កកង់បីជាមួយក្រុមគ្រួសារ ចេញពីផ្សាររតនាផ្លាហ្សា ក៏ត្រូវក្រុមចោរជិះម៉ូតូមកជិតហើយធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេចកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខច្រកចេញផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ណៃ គន្ធា ភេទស្រី អាយុ៣៧ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងគ្រួសារមានគ្នា៦នាក់ បានចូលទៅទិញទំនិញនៅផ្សារទំនើបរតនាផ្លាហ្សា ក្រោយមកគាត់បានជិះរម៉កកង់បីត្រលប់ទៅផ្ទះវិញ គ្រាន់តែគាត់ជិះចេញបានបន្តិច ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ ពណ៌ខ្មៅ បានជិះមកជិតពីខាងឆ្វេង ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងជាប់និងស្មារបានសម្រេច រួចប្រញាប់នាំគ្នាបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះមិនបានស្រែកឲ្យគេជួយនោះទេ ព្រោះរូបគាត់កំពុងភ័យខ្លាចថាមានបក្ខពួកជនសង្ស័យជាចោរឆក់នៅខាងក្រោយមកធ្វើបាបគាត់ ។

ស្ត្រីរងគ្រោះបានបន្តថា នៅក្នុងកាបូបដែលត្រូវចោរឆក់នោះមានដូចជាអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះនិងប្ដី២សន្លឹក បង្កាន់ដៃប្រលងភាសាកូរ៉េ១សន្លឹក ទូរសព្ទដៃ២គ្រឿង កងដៃប្លាទីន១វង់ ចិញ្ជៀន១វង់ ខ្សែកផ្លាកទីន១វង់ កាតATM១សន្លឹក កាតធានាគារកាណាឌីយ៉ា១សន្លឹក សៀវភៅធានាគារមួយសន្លឹក ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីកំណត់មុខសញ្ញាជនសង្ស័យដើម្បីស្វែងរកឃាត់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់