ព្រៃវែង:បុរសម្នាក់ ត្រូវរន្ទះភ្លើងបាញ់ឆេះ ខ្លោចពេញដងខ្លួន និងបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅខណៈពេល ដែលបុរសរូបនោះ កំពុងដេកយាមទា នៅក្នុងកូនរោង ១កន្លែង នៅកណ្តាលវាលស្រែ។
ហេតុការណ៌នេះ បានកើតឡើង កាលពីវេលាម៉ោង០៣ និង២៥នាទី ទាបភ្លឺ ព្រឹកថ្ងៃទី២៩ មេសា នេះ នៅចំណុចវាលស្រែ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង។ បុរសរងគ្រោះ មានឈ្មោះ ពុន សំអឿន អាយុ ៤៨ឆ្នាំ មានមុខរបរជាអ្នកចិញ្ចឹមទា និងមានទីលំនៅ ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ តែងតែទៅដេកយាមទារបស់ខ្លួន នៅក្នុងកូនរោងកណ្តាលវាលស្រែនោះ ជារៀងរាល់យប់ ហើយមិនដែលមានបញ្ហាអ្វី កើតឡើងទេ។ ប៉ុន្តែជាអកុសល នៅវេលាម៉ោង១ រំលងអាទ្រាធ ឈានចូលព្រឹកថ្ងៃទី២៩ មេសា នេះ មេឃ បានធ្លាក់ភ្លៀង ១មេយ៉ាងធំ លាយឡំជាមួយ ខ្យល់កន្រ្តាក់ បោកបក់ យ៉ាងខ្លាំង និងមានផ្លេកបន្ទោរ ឆ្វេចឆ្វាច ផងដែរ ហើយនៅវេលាម៉ោង៣ និង២៥នាទី ទាបភ្លើង ក៏មានរន្ទះ បាញ់ទៅចំរោង ដែលជនរងគ្រោះដេកយាមទា ទើបបណ្តាលឱ្យឆេះខ្លោចជនរងគ្រោះ និងស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ប៉ុន្តែរហូតដល់ព្រឹកឡើង ទើបមានអ្នកទៅឃើញ និងមានការផ្អើលឆោរឡោឡើង។
សមត្ថកិច្ច បានបញ្ជាក់ថា តាមការពិនិត្យ នៅកន្លែងកើតហេតុ ជនរងគ្រោះ បានពាក់នាឡិកា ១នៅនឹងដៃ ព្រមទាំងមានទូរស័ព្ទ័ ១គ្រឿងទៀត នៅក្នុងហោប៉ៅខោ ផងដែរ។ ដូច្នេះហើយ ទើបសមត្ថកិច្ចសន្និដ្ឋានថា រន្ទះ ដែលបាញ់ទៅចំរោង ដែលជនរងគ្រោះដេកនោះ គឺអាចបណ្តាលមកពីចរន្តរន្ទះ ស្រូបឆ្លងជាមួយនឹងនាឡិកា ឬក៏ទូរសព្ទ័ដៃ នោះតែម្តង។
គួរបញ្ជាក់ផងដែរថា ក្រៅពីរន្ទះបាញ់ បុរសចិញ្ចឹមទា ខាងលើ ឱ្យស្លាប់ហើយនោះ រន្ទះ ក៏បានបាញ់ទៅលើពន្ធនាគារខេត្តព្រៃវែង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ និងបានបណ្តាលឱ្យខូចកាំមេរ៉ាសុវត្ថិភាព នៅក្នុងពន្ធនាគារនោះ អស់ចំនួន ៩គ្រឿង ឩបករណ៌បញ្ជាកាំមេរ៉ា ១ឈុត ទូរទស្សន៌ ២គ្រឿង និងផ្ទះប្រជាពលរដ្ឋ ដែលនៅជុំវិញនោះ ក៏ឆេះទូរទស្សន៌ អស់ជិត ១០គ្រឿង ផងដែរ៕

មតិយោបល់