ស្ទឹងត្រែងៈ រថយន្តម៉ាក ហ្វ័ររេនន័រ របស់អ្នកសារព័ត៌មានមួយគ្រឿង បានរេចង្កូតធ្លាក់ពីលើដងផ្លូវ ចូលក្នុងប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើល កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ។
បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក ហ្វ័ររេនន័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-9712បើកបរដោយបុរសម្នាក់ ដោយត្រូវបានគេដឹងថា នៅក្នុងរថយន្តនោះមានមនុស្សចំនួន ៤នាក់ រួមដំណើរក្នុងរថយន្ត មាន២នាក់ ជាចាងហ្វាងកាសែតចំនួន២ រួមមាន ទី១ឈ្មោះ ឥន ប៊ុនធឿន ជាចាងហ្វាងអង្គភាពសារព័ត៌មាន ពន្លឺនិរតី និងម្នាក់ទៀតឈ្មោះ ជី ពេជ្រ ជាចាងហ្វាងអង្គភាពសារព័ត៌មាន សម្លេងខ្មែរស្នេហាជាតិ រួមនិងបុគ្គលិកចំនួន២នាក់ទៀត បានបើករថយន្តតាមបណ្តោយផ្លូវខាងលើ ប្រដេញតាមថតរថយន្តស៊ាំយ៉ុង ដឹកឈើមួយគ្រឿងទៀតនៅខាងមុខ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតរថយន្តធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹក បង្កឲ្យប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នាំគ្នាប្រហោងពោះ ចោមរោលមើល ប៉ុន្តែសំណាងល្អនៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យ និងបាននាំខ្លួនចាងហ្វាងការសែត ទាំង២រូបខាងលើ យកទៅធ្វើការសាកសួរ ចំណែករថយន្តត្រូវបានគេអន្តរាគមន៍ហៅត្រាក់ទ័រមកជួយអូសចេញពីក្នុងទឹកឡើងមកលើគោកវិញ៕
មតិយោបល់