ព័ត៌មានជាតិ

ជប៉ុននឹងជួយរាជធានីភ្នំពេញបន្ថែមទៀត លើបញ្ហាសំណល់ទឹកស្អុយ និងដោះស្រាយបញ្ហាចរាចរណ៍

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីរ៉ូហ្ស៊ី អ៊ីម៉ាណាហ្គា អភិបាលរងទីក្រុងគីតាគ្យូស៊្សូនៃប្រទេសជប៉ុនកាលពីរសៀលថ្ងៃទី២៥ តុលា បានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុននឹងជួយរាជធានីភ្នំពេញបន្ថែមទៀតលើការដោះស្រាយលើបញ្ហាសំណល់ទឹកស្អុយ និងដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ស្របពេលដែលប្រទេសជប៉ុនបាននិងកំពុងជួយ ដោះស្រាយបញ្ហាជាកង្វល់របស់រាជធានីភ្នំពេញយ៉ាងច្រើនហើយនោះ។

ក្នុងជំនួបនោះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា អាជ្ញាធររាជធានីបានធ្វើការងារមួយធំ និងសំខាន់បានសម្រេចជោគជ័យមួយនោះ គឺការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅកណ្តាលរាជធានីភ្នំពេញ ក្នុងរដូវវស្សានេះ។ លោកបន្តថា ជប៉ុនបានជួយមករាជធានីភ្នំពេញច្រើនណាស់ពិសេស បញ្ហាចរាចរ ដោយជប៉ុន បានជួយលើភ្លើងស្តុប រថយន្តក្រុងជាដើម។ ក្រៅពីនេះវិស័យអប់រំ ជប៉ុនក៏បានជួយកសាងសាលារៀនជាច្រើនកន្លែង និងសម្ភារៈ បរិក្ខា ផងដែរ ។ លោកប៉ា សុជាតិវង្ស បានបន្តថា ចំពោះបញ្ហាសម្រាមវិញ សុទ្ធតែជាកង្វល់របស់រាជធានីភ្នំពេញដែលបាននឹងកំពុងដោះស្រាយ។

លោក ប៉ា សុជាតិវង្ស បានសុំឲ្យប្រទេសជប៉ុនជួយរាជធានីភ្នំពេញ បន្តទៀតពិសេសជួយដោះស្រាយលើសំណល់ទឹកស្អុយ រួមនិងការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ ។ កន្លងមកនេះប្រទេសជប៉ុនបានជួយមកកម្ពុជាទាំងជំនួយ នយោបាយ និងការបណ្តាក់ទន់រកស៊ី នៅក្នុងរាជធានីភ្នំពេញជាដើម។ ការចងសម្ព័ន្ធភាពទីក្រុងទាំង២ វានឹងឲ្យរាជធានីភ្នំពេញអាចដោះស្រាយបានលើបញ្ហាទឹកស្អាត សំណល់ទឹកស្អុយ ដោយសារតែទីក្រុងគីតាគ្យូស៊្សូនៃមានជំនាញលើបញ្ហាទាំងនេះ។ លោកបន្តថារាជធានីភ្នំពេញមិនមែន ចង់បានតែការជួយលើបញ្ហាបច្ចេកទេស លើបញ្ហាដោះស្រាយសំណល់ទឹកស្អុយនោះទេ គឺយើងចង់បានធនធាននៃការងារនេះថែមទៀត ។ចំពោះទឹកសំណល់ គឺត្រូវចំរាញ់ឲ្យអស់ជាតិពុលមុនបញ្ចេញចោល។ នៅភ្នំពេញមិនទាន់មានរោងចក្រកែច្នៃសម្រាមនៅឡើយទេ ដែលធ្វើឲ្យប៉ះពាលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយក្នុងមួយថ្ងៃសំណល់សម្រាមមានចំនួនរហូតដល់២ពាន់តោនដែលជាបញ្ហាប្រឈមខ្លាំង លោកចង់ឲ្យជប៉ុនពិចារណា ហើយយកចំណុចនេះជាប្រធានបទផងដែរ។

លោកហ៊ីរ៉ូហ្ស៊ី អ៊ីម៉ាណាហ្គា អភិបាលរងទីក្រុងគីតាគ្យូស៊្សូនៃប្រទេសជប៉ុន បានលើឡើងថា នៅពេលប្រតិភូរបស់លោកមកដល់ក្រុងភ្នំពេញភ្លាម លោកបានឃើញ មានការកកស្ទះចរាចរ យ៉ាងខ្លាំង។ ការកកស្ទះចរាចរណ៍នេះគឺពិតជាបានបង្ហាញឲ្យឃើញ ពីកំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញយ៉ាងពិតប្រាកដ។លោកបន្តថា ប្រតិភូមកភ្នំពេញនាពេលនេះមិនមែនមកដើម្បីជួយភ្នំពេញតែលើវិស័យទឹកស្អាតប៉ុណ្ណោះទេ បញ្ហាបរិស្ថានក៏ត្រូវយកជាប្រធានបទផងដែរ ។ នៅពេលមានការសហការគ្នារវាងទីក្រុងទាំង២វានឹងទទួលបាន លទ្ធផលល្អលើបញ្ហាទឹកស្អាតនិងបរិស្ថាន។ ទីក្រុងគីតាគ្យូស៊្សូនៃប្រទេសជប៉ុននឹងជួយភ្នំពេញទៅតាមអ្វីដែលភ្នំពេញត្រូវការ ពិសេសដោះស្រាយលើបញ្ហា កាកសំណល់ទឹកសំអុយ៕

photo_2016-10-25_12-18-29photo_2016-10-25_12-18-24photo_2016-10-25_12-18-26photo_2016-10-25_12-18-27-2photo_2016-10-25_12-18-27photo_2016-10-25_12-18-28photo_2016-10-25_12-18-29-2

មតិយោបល់