ព័ត៌មានជាតិ

មន្រ្តីវាយតម្លៃ World Bankថា ភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពី៤០មកនៅត្រឹម១៣%

ភ្នំពេញៈ មន្រ្តីវាយតម្លៃជាន់ខ្ពស់នៃធនាគារពិភពលោក(World Bank) បានវាយតម្លៃថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពី៤០ភាគរយ មកត្រឹម ១៣ភាគរយ នៃប្រជាជនសរុប ដែលបង្ហាញពីផលវិជ្ជមាននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ។

មន្រ្តីរូបនេះបានមើលឃើញទៀតថា កម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធការធ្លាក់ចុះនៃកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម និងអត្រានៃចំណូលរបស់ប្រជាកសិករខ្នាតតូចមួយចំនួន នៅមិនទាន់អាចឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចនៅឡើយ។

នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ កាលពី៣រសៀលថ្ងៃម្សិលមិញនៅទីស្តីការក្រសួង បន្ទាប់ពីបានអនុញ្ញាតឲ្យលោកស្រី Lourdes N. Pagaran មន្រ្តីវាយតម្លៃជាន់ខ្ពស់ សម្រាប់កម្មវិធីគ្រប់គ្រងសេដ្ឋកិច្ចនិងប្រទេស នៃក្រុមវាយតម្លៃឯករាជ្យ របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចប្រជាជននៅតាមជនបទ ជាពិសេសកសិករដែលមានចំណូលទាប។

លោកស្រី Lourdes N. Pagaran បានបញ្ជាក់ថា “តំណាងធនាគារ ពិភពលោកមានគំរោង នឹងចុះមកធ្វើការពិគ្រោះយោបល់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងអំឡុងខែវិច្ជិកា ខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមជនបទ ជាពិសេសកសិករ សំដៅកាត់បន្ថយអត្រានៃភាពក្រីក្រនៅកម្ពុជាឲ្យនៅកម្រិតអប្បបរមា”។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានស្នើឲ្យនាគារ ពិភពលោក ជួយគាំទ្រដល់ការវិភាគនៅស្ថានភាពសេដ្ឋកិច្ចកសិកម្ម ដើម្បីស្វែងរកនូវលទ្ធភាពជួយគាំទ្រដល់កសិករខ្នាតតូច និងមធ្យម ក្នុងទិសដៅជំរុញឲ្យជីវភាពពួកគាត់មានភាពប្រសើរឡើង ហើយអាចឆ្លើយតបទៅនឹងការវិវឌ្ឍន៏នៃសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា “ការលើក កម្ពស់កម្រិតជីវភាពកសិករខ្នាតតូច និងមធ្យម ជាមូលដ្ឋានសំខាន់ក្នុងការជំរុញកំណើនវិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយបានខ្លាំងនូវអត្រានៃអ្នកចំណាកស្រុក”។

សូមបញ្ជាក់ថា ធនាគារពិភពលោក បានចាត់បញ្ជូនក្រុមវាយតម្លៃឯករាជ្យ មកពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែតុលាដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ដើម្បីវាយតម្លៃការគាំទ្រក្រុមធនាគារពិភពលោក សម្រាប់វិបុលភាពនៃការចែករំលែក ដោយផ្តោតសំខាន់លើ វិស័យកសិកម្ម/ជនបទ អប់រំ សុខាភិបាល ការការពារសង្គម និងថាមពល គោលនយោបាយ រួមមានគោលនយោបាយសារពើពន្ធ និងអន្តរាគមន៏ទីផ្សារពលកម្ម និងការងារចម្រុះវិស័យ (យេនឌ័រ)៕

photo_2016-10-25_13-59-30photo_2016-10-25_13-59-32

មតិយោបល់