កំពង់ធំៈ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សំរាម គឺជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋយើង អ្នកលក់ដូរចំណីរអាហារក្បែរចិញ្ចើមថ្នល់ មិនត្រូវយកទឹកលាងចាន និងកាកសំណល់ មកជះចោលលើផ្លូវថ្នល់នោះទេ អ្នកខ្លះជិះឡានស៊េរីទំនើប បែរជាចោលសំរាមតាមកញ្ចក់រថយន្តមកក្រៅ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាន ក្នុងតំបន់ខេត្តទេសចរ។ ការលើកឡើងមកនេះ គឺតម្រូវឲ្យមានការចូលរួម ពីសំណាក់ ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ដោយបច្ចុប្បន្ននេះ មុខផ្ទះសំណាក់ខ្លះ សណ្ឋាគារខ្លះ គឺជាកន្លែងតាំងពិព័រណ៌សំរាម ដូច្នេះត្រូវប្រើគំនិតដើម្បីពិចារណា តើយើងគួរយកកាកសំណល់សំរាមមកដាក់បង្ហាញភ្ញៀវ ដើម្បីទស្សនាដែរឬទេ។
ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយេនឌ័រ និងសុវត្តិភាពកុមារ ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានអញ្ជើញម្ចាស់អាជីវកម្មទេសចណ៍ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ការប្រើប្រាស់ ទៅលើពលកម្មកុមារ មិនទាន់គ្រប់អាយុ ក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ កាលពី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៦មក មានភ្ញៀវទេសចរមកកំសាន្តក្នុងខេត្តកំពង់ធំ និងតាមបណ្តារមណីយដ្ឋាន ចំនួន៦៤ ៣៣៧នាក់ ភ្ញៀវអន្តរជាតិមាន ៩៩៨៩នាក់ មានសណ្ឋាគារ៧កន្លែង ២១៦បន្ទប់ ផ្ទះសំណាក់៤១កន្លែងមាន ៥៨៥បន្ទប់ សេវាកម្មម្ហូបអាហារ និងសេវាកម្មភោជនីយដ្ឋានផ្សេងៗ មាន៧៤កន្លែង វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ មានបញ្ហាប្រឈម ខ្វះខាតសេវាកម្មទេសចរណ៍ជាច្រើនទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ដែលកត្តាទាំងនេះចាំបាច់ ត្រូវមានការចូលរួមចំណែកពីវិស័យឯកជនដើម្បីធ្វើការវិនិយោគ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ តាមស្តង់ដារ របស់ក្រសួងទេសចរណ៍ជាដើម ហើយក៏ជា ផ្នែកមួយនៃការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អរបស់ក្រសួងទេសចរណ៍ផងដែរ។
ឯកឧត្តម ហួន វ៉ាន់និត បានមានប្រសាសន៍ផ្តាំផ្ញើរថា លោកមិនចង់ឃើញអ្នកគ្រប់គ្រងទៅដាក់ទោសទេ គឺចង់បានតែស្នាមញញឹមហើយនឹងភាពសប្បាយរីករាយ នៅក្នុងការប្រកបមុខរបរទទួលទានទាំងអស់គ្នា ហើយមិនចង់ឃើញអំពើរំលោភលើផលប្រយោជន៍ស្រ្តី ឬកុមារ នៅក្នុងមូលដ្ឋានឡើយ និងសូមលើកទឹកចិត្តឲ្យមានការ ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងបណ្តាអង្គការនានា ដែលធ្វើការងារបំរើឲ្យវិស័យយេនឌ័រ និងកុមារនេះចូលរួមជាមួយ ជាពិសេសអាជ្ញាធរ ភូមិឃុំ ពីកិច្ចការគាំពារ ស្រ្តី និងកុមារ៕
មតិយោបល់