ព័ត៌មានជាតិ

កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃការចែកចាយអ៊ីនធើណេតនៅក្នុងតំបន់

ភ្នំពេញៈ មន្រ្តីជំនាញផ្នែកនិយ័តកម្មទូរគមនាគមន៍កម្ពុជា និងអ្នកជំនាញផ្នែកឯកជនដែលប្រតិបត្តិការលើប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាបានអះអាងថា កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃការចែកចាយប្រព័ន្ធអ៊ីនធើណេត ដែលមានល្បឿនលឿនបំផុតនៅក្នុងតំបន់អាស៊ី ហើយក៏ជាការពង្រីកការតភ្ជាប់របស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោកទាំងមូលតាមរយៈ ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រMCT។

នេះបើតាមការលើកឡើងរបស់ក្រុមអ្នកមន្រ្តីជំនាញលើវិស័យបច្ចេកវិទ្យា នៅក្នុងសន្និសីទកាសែតមួយស្តីពី ដំណើរការខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

លោក Yves Schaeffer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានមានប្រសាសន៍ថា “ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រMCT ត្រូវបានប្រកាសឡើងកាលពីខែមិថុនាឆ្នាំ២០១៣ និងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទីមួយនៃឆ្នាំ២០១៧ខាងមុខនេះ មានវិសាលភាពប្រហែល១៣០០គីឡូម៉ែត្រ មានទីតាំងនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ខេត្តRayong ប្រទេសថៃ និង ឆ្នេរ Cherating រដ្ឋ Kuantan នៃប្រទេសម៉ាឡេស៊ី”។

លោកមានប្រសាសន៍ទៀតថា MCT នឹងអនុម័តនូវបច្ចេកវិទ្យា ១០០Gbps ជាមួយនឹងសមត្ថភាពគាំទ្រយ៉ាងហោចណាស់ ៣០Tbps។ វានឹងតភ្ជាប់ទៅប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រផ្សេងទៀត ដូចជា Telcotech ដែលជាសមាជិកនៃបណ្ដាញ Asia-America Gateway។ Asia-America Gateway ជាប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រមានចម្ងាយ២០០០០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក។

លោក Yves Schaeffer បន្ថែមថា “យើងរីករាយក្នុងការប្រកាសថា ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រលើកដំបូងនៅកម្ពុជា នឹងមកដល់នាពេលឆាប់ៗនេះ ហើយក្រុមហ៊ុន អ៊ីហ្ស៊ីខម នឹងក្លាយជាក្រុមហ៊ុន ISP ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលជាម្ចាស់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះ។ យើងនឹងធ្វើការសម្ភោធស្ថានីយ៍ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦” ។ MCT នឹងជួយពង្រឹងដល់ការទំនាក់ទំនងនិងវិស័យបច្ចេកវិទ្យានាពេលអនាគត ដោយលើកកំពស់ឯករាជ្យភាពនៅក្នុងវិស័យទូរគមនាគមន៍ និងប្រព័ន្ធអ៊ិនធឺណិតព្រមទាំងលើកកម្ពស់សមត្ថភាពសេវាសារគមនាគមន៍ទូទៅរបស់ប្រទេស។

លោក ម៉ូវ ចរិយា អគ្គនាយកនិយ័តករទូរគមនាគមន៍កម្ពុជា មានប្រសាសន៍ថា “យើងស្វាគមន៍ចំពោះការមកដល់នៃខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រក្នុងប្រទេសកម្ពុជារបស់ Telcotech ជាលើកដំបូង។ យើងជឿជាក់ថា ការមកដល់នៃខ្សែកាប្លិ៍ក្រោមបាតសមុទ្រនេះ នឹងនាំយកផលវិជ្ជមានដល់វិស័យទូរគមនាគមន៍ រួមទាំងឱកាសវិនិយោគទុនជាច្រើនមកកាន់ប្រទេសកម្ពុជា”។

លោករំពឹងថា ការមកដល់នៃខ្សែកាប្លិ៍ក្រោមបាតសមុទ្រនេះ នឹងនាំយកនូវអត្ថប្រយោជន៍ផ្សេងៗ លើសពីការកើនឡើងនៃល្បឿនអ៊ីនធើណិតនិងទំនាក់ទំនងនានា។ ជាក់ស្តែង ការតភ្ជាប់ជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជា ទទួលបានសិទិ្ធក្នុងការតភ្ជាប់ទៅកាន់ស្ថានីយប្រតិបត្តិការរបស់បណ្តាប្រទេសដែលជាសមាជិកដោយផ្ទាល់ និងជាហេតុនាំឲ្យមានការកើនឡើងនូវប្រសិទ្ធភាព និងជួយកាត់បន្ថយពន្ធសម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់ផងដែរ៕

photo_2016-10-25_13-50-10photo_2016-10-25_13-50-11photo_2016-10-25_13-50-12photo_2016-10-25_13-50-15

មតិយោបល់