ភ្នំពេញៈ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន ដោយសារតែក្រុមអាជីវករ ក៏ដូចជា ម្ចាស់ហាងមួយចំនួន រំលោភយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងរបស់របរ លក់ដូរឬដាំស្លាកយីហោ រញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹងនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អ្វីដែលអាជ្ញាធរហួសចិត្ត និងពិបាកបំផុតនោះគឺប្រធានផ្សារត្រពាំងថ្លឹង អាងបុណ្យស័ក្តិ មិនខ្លាចញញើតច្បាប់ បែរសង់តូបរំលោភលើចិញ្ចើមផ្លូវសម្រាប់លក់ ដូរ ទោះបីអាជ្ញាធរខណ្ឌធ្លាប់បានព្រមានច្រើនលើកច្រើនសាររួចមកហើយ។ ក្នុងតូបលក់ដូរនីមួយៗមានទំហំ ២ម៉ែត្របួនជ្រុង យកលុយក្នុង១ខែតម្លៃ មានចាប់ពី ៨០$ ១៥០$រហូតដល់ ២០០$ ដោយមិនខ្វល់ពីផលប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយរឹតតែមិនខ្វល់ពីច្បាប់ទម្លាប់ឡើយ។ ចំណែកនៅម្តុំផ្ទះល្វែង ខាងលិចផ្សាត្រពាំងថ្លឹង ក៏អញ្ចឹងដែរ បានអនុញ្ញាតឲ្យមានការដាក់លក់ដូរ ហើយបានប្រមូលលុយ ក្នុងមួយតូបចាប់ពី ៥០$ ៧០$រហូតដល់ ១០០$ ទាំងអស់នេះគឺជាបញ្ហា ដែលឲ្យអាជ្ញាធរជួបការលំបាកក្នុងការដោះស្រាយ។
នោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនូវតែបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំសណ្តាប់ធ្នាប់ដោយតម្រូវឲ្យប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវទាំងអស់ត្រូវរុះរើ ខិតថយក្រោយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍។
ដោយឡែកប្រធានផ្សារវិញ ត្រូវបានខាងសាលាខណ្ឌពោធិ៍សែនជ័យនិង ធ្វើលិខិតអញ្ជើញមកដើម្បីពិភាក្សាគ្នា ពីបញ្ហានេះនៅពេលក្រោយ៕
https://youtu.be/FDTEZtNXZt4
មតិយោបល់