ពោធិ៍សាត់ៈ រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត បានសហការជាមួយវិស័យឯកជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាខេត្តពោធិ៍សាត់ បានយកទីតាំងសួនច្បារអមមាត់ស្ទឹងពោធិ៍សាត់ ឋិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រៀបចំធ្វើសកម្មភាពសម្អាតបរិស្ថាន ក្រោមប្រធានបទ អនាម័យស្អាតនាំមក នូវសុខភាពល្អ កាលពីថ្ងៃទី២៥ ខែតុលា នេះ។
អភិបាលរងខេត្តពោធិ៍សាត់លោក ខូយ រីដា បានឲ្យដឹងថា សកម្មភាពនេះ គឺចង់បង្ហាញឲ្យឃើញពីទឹកចិត្ត និងការចូលរួមការងារសង្គមទាំងអស់គ្នា សម្តៅធ្វើយ៉ាងណាឲ្យទីក្រុងស្អាត គ្មានសំរាម បរិស្ថានល្អ ផាសុខភាព។ ប្រជាពលរដ្ឋទាំងអស់ ទាំងនៅទីប្រជុំជន ក៏ដូចទីជនបទ ច្បាស់ជាមិនចង់រស់នៅកន្លែងមិនស្អាតនោះទេ គឺចង់រស់នៅទីកន្លែងប្រកបដោយបរិស្ថានល្អ និង មានសោភ័ណភាពជាក់ជាមិនខាន។
លោក ខូយ រីដា បានបញ្ជាក់ថា គោលបំណងនៃការសម្អាតបរិស្ថាននេះ គឺចង់បំផុស ផ្សព្វផ្សាយ ក្រើនរំលឹក និងពញ្ញាក់ស្មារតី ដល់ស្ថាប័ន មន្ទីរអង្គភាព និងប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគាំពារបរិស្ថាន តាមរយៈការទុកដាក់សំរាម កាកសំណល់រឹង រាវ ឲ្យបានត្រឹមត្រូវ គឺមិនត្រូវចោលសំរាមតាមដងផ្លូវសាធារណៈនោះឡើយ។
លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានថ្លែងថា ការចូលរួមកិច្ចការសង្គម នៅថ្ងៃនេះ គឺជាការសម្អាតបរិស្ថាននៅតាមសួនច្បារ តាមដងផ្លូវសាធារណៈ នៅក្នុងទីប្រជុំជន ក្រុងពោធិ៍សាត់ ឲ្យកាន់តែមានភាពស្រស់បំព្រងអាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ពិសេសប្រជាពលរដ្ឋដែលកំពុង រស់នៅក្បែរតំបន់នេះ ឲ្យទទួលបានបរិស្ថានល្អ និង សោភ័ណភាព។
ជាមួយនឹងសកម្មភាពសម្អាតបរិស្ថាននេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនបង់អង្គុយចំនួន ១២០ ធុងសំរាម៦០ និងបាណូចំនួន៦ សម្រាប់ដាក់តាមសួនច្បារ ចែកជូនអាវ២០០ មួក២០០ ថង់បរិស្ថាន២០០ និង សម្ភារៈរើសសំរាមផងដែរ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសម្ភារៈ ទាំងអស់ឲ្យបានយូរអង្វែង ដើម្បីប្រើជាប្រយោជន៍ទៅថ្ងៃក្រោយ៕
មតិយោបល់