ព័ត៌មានជាតិ

អាជ្ញាធរចុះរឹបអូសរថយន្តនៅឃ្លាំង ឧត្តម សុខហេង អភិវឌ្ឍន៍

ភ្នំពេញ: កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្ដោះអាសន្នទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍន៍ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងលក់រថយន្តលេខ១១១ ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ខាំ សុផារី បានឲ្យដឹងថា ការចុះរឹបអូសរថយន្ត និងគ្រឿងចក្ររបស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍន៍ នេះធ្វើឡើងតាម ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន លេខ៦១៦ ហ.ដ.រ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច “ឃ” លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច រឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុខ ហេង ភេទប្រុស អាយុ៥០ឆ្នាំ ជាប្រធានក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍន៍ និងប្រពន្ធឈ្មោះ គាំ ផានរ៉ានី អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៧៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ខាំ សុផារី បន្តថា ការរឹបអូសនេះ គឺយោងទៅតាមបណ្ដឹងរបស់ម្ចាស់បំណុលឈ្មោះ លីវ សុខហួង ហៅចែមុំ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅផ្ទះលេខ៣៧ ផ្លូវលេខ៨ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្តឹងកូនបំណុលឈ្មោះ សុខ ហេង និងឈ្មោះ គាំ ផានរ៉ានីត ជាម្ចាស់ក្រុមហ៊ុន ឧត្តម សុខ ហេង អភិវឌ្ឍ បានជំពាក់ប្រាក់ម្ចាស់បំណុលសរុបចំនួន ១,៣៧៣,០២៧.៨០ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា យោងតាមដីកាបង្គាប់ឲ្យរឹបអូសជាបណ្តោះអាសន្នខាងលើ បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវរឹបអូសពីកូនបំណុលរួមមាន៖

ទី១ ដីទំហំ ១៦៥.១៤៨ម៉ែត្រការ៉េ

ទី២ ដី និងផ្ទះលេខ៧៨ ផ្លូវប៉េតុងលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ

ទី៣ រថយន្តម៉ាកឡិចស៊ីស៤៥០ ដែលជាកម្មសិទ្ធិរបស់កូនបំណុល

ទី៤ គ្រឿងចក្រ និងរថយន្ត របស់កូនបំណុលដែលមាននៅក្នុងឃ្លាំងលេខ១១១ ដែលជាទីតាំងចុះអនុវត្តដីការឹបអូសនៅព្រឹកនេះ៕

photo_2016-10-26_13-34-19

photo_2016-10-26_13-34-22

photo_2016-10-26_13-34-22-2

photo_2016-10-26_13-34-21

មតិយោបល់