វិនិយោគកាណាដា បាននិងកំពុងសំលឹងរកមើល ឱកាសវិនិយោគនៅកម្ពុជា លើផ្នែកកែច្នៃម្ហូបអាហារ និងដំណាំកសិឧស្សាហកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដើម្បីរួមចំណែកធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមការលើកឡើងនៅព្រឹកមិញនេះ របស់លោកស្រី ដូនីកា ផតទី ឯកអគ្គរដ្ឋទូតកាណាដា។
លោកស្រី បានបន្តថា កាណាដា ក៏មានចេតនាជួយដល់ក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំរបៀបវារៈពាណិជ្ជកម្ម ដើម្បីឲ្យកម្ពុជាអាចដឹកនាំ និងសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការចរចារទាញយកអត្ថប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោកស្រី ក៏បានសន្យាដែរថា នឹងទាក់ទាញវិនិយោគិនពីប្រទេសកាណាដា ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានជម្រាបលោកស្រី ផតទី ឲ្យដឹងពី ស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្រ្តរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងសិនចិននៃប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា នឹងកាណាដា មានទំហំ ៨០០លានដុល្លារអាមេរិក ហើយកម្ពុជាទាក់ទាញភ្ញៀវទេសចរកាណាដាបានចំនួនប្រមាណ ៦ម៉ឺននាក់ផងដែរ៕


មតិយោបល់