ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ប្តេជ្ញាធ្វើឱ្យបាននូវបង្គន់អនាម័យ និងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញនិងទីប្រជុំជន

ភ្នំពេញៈ ដើម្បីឆ្លើយតបទៅនិងកំណើនភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់រាជធានីភ្នំពេញ តំបន់ប្រវត្តិសាស្រ្តអង្គរខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ និងទីប្រជុំជននានា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្តេជ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋានពង្រឹងគុណភាពសេវាកម្មគ្រប់ប្រភេទ ពិសេសរៀបចំបង្គន់អនាម័យសាធារណៈឱ្យបានច្រើន និងមានស្តង់ដា រួមទាំងជំរុញឱ្យមានការកសាងផ្លូវថ្មើជើង សម្រាប់ភ្ញៀវទេសចរធ្វើដំណើរ កម្សាន្ត ស្របពេលដែលកម្ពុជានឹងប្រារពព្រះរាជពិធីបុណ្យអុំទូកអកអំបុក្រនិងសំពះព្រះខែនៅពេលខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍មានប្រសាសន៍នៅក្រោយបើកពិធីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងចលនាប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨-២០២១ អមជាមួយពិធីបិទវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញថា “ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរ ខ្ញុំគិតថាបញ្ហាបង្គន់អនាម័យសាធារណៈ ចំពោះខ្ញុំត្រូវតែធ្វើបញ្ហានឹងឱ្យបានរៀបចំបង្គន់អនាម័យសាធារណៈទាំងនៅក្នុងឧស្សាហកម្មទេសចរណ៍ រួមទាំងភោជនីយដ្ឋាន សណ្ឋាគារ និងនៅទីសាធារណៈក៏ត្រូវតែធ្វើឱ្យស្អាតដែរ”។

លោករដ្ឋមន្រ្តីលើកឡើងទៀតថា “នៅតាមបណ្តាប្រទេសជឿនជាច្រើនបញ្ហាបង្គន់អនាម័យនេះ ត្រូវបានគេរៀបចំយ៉ាងស្អាតល្អបំផុត ព្រមទាំងមានលក្ខណៈប្រឡងប្រណាំងទៀតផង សម្រាប់កម្ពុជាក៏ត្រូវតែបានចាប់ផ្តើមធ្វើចលនាយ៉ាងដូច្នេះដែរ គ្រាន់តែថា យើងដើរក្រោយគេបន្តិច តែយើងនឹងជំរុញឱ្យការធ្វើរបស់យើងស្ថិតនៅក្នុងកម្រិតស្តង់ដាពោលគឺទាំងស្អាត មានបរិស្ថាន និងបៃតង”។

ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឱ្យអាជ្ញារាជធានីភ្នំពេញពន្លឿនការធ្វើផ្លូវថ្មើជើង នៅតាមមាត់ទន្លេ ពិសេសចាប់ពីមុខព្រះបរមរាជវាំងទៅដល់រមនីយដ្ឋានវត្តភ្នំ ដើម្បីឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ បានដើរគយគន់ទេសភាពមាត់ទន្លេនិងមើលផ្ទះបុរាណដែលបន្សល់ទុកពីជំនាន់បារាំង។

ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រវិញ លោករដ្ឋមន្រ្តីស្នើឱ្យមានការកសាងផ្លូវថ្មើជើងឱ្យបានឆាប់ ព្រោះជិតដល់ពេលប្រារពពិធីបុណ្យសមុទ្រនៅទីនោះ និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរឱ្យបានល្អស្អាត ទាំងតូបលក់ដូ និងការរៀបចំកន្លែងទុកដាក់សំរាម បង្គន់អនាម័យ និងសោភ័ណភាពទីសាធារណៈផ្សេងៗជាដើម។

យ៉ាងណាក៏ដោយនៅក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ លោករដ្ឋមន្រ្តីបានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់បំផុតលើបញ្ហាសន្តិសុខ សុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់ និងបរិស្ថាន ត្រូវយកចិត្តទុកដាក់នូវអ្វីដែលអាជ្ញាធរចង្អុលប្រាប់ ដោយមានការចូលរួមទទួលខុសត្រូវ ដែលផ្តើមចេញពីខ្លួនឯងម្នាក់ៗទៅ ដើម្បីឱ្យទីក្រុង ទីប្រជុំជន និងប្រទេសកម្ពុជាមានលកខណៈស្អាត និងបៃតង៕

photo_2016-10-27_16-42-25photo_2016-10-27_16-42-23

មតិយោបល់