ទីក្រុងឡុងដ៏៖ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ចក្រភពអង់គ្លេស Jaguar Land Rover (JLR) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបង្ហាញរបាយការណ៍លក់នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៣ ដោយនៅក្នុងនោះទីផ្សារដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ចំណែកទីផ្សារដែលកំពុងរីកលូតលាស់មានឥណ្ឌា និងចិន។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ ២០១៣ JLR លក់រថយន្តបាន ៤២៥.០០៦គ្រឿង ដោយកើនឡើង ១៩ភាគរយ។
ការលក់ម៉ាក Land Rover បានកើនឡើងដល់ ៣៥០.០០០គ្រឿងនៅជុំវិញពិភពលោក ស្មើនឹង ៨០ភាគរយនៃរថយន្តដែលបានលក់សរុប នៃទីផ្សារទាំង ៣៨។
ក្រុមហ៊ុនក៏បានបង្ហាញឲ្យដឹងផងដែរថា តួលេខនៃការលក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេចិនមាន ៣០ភាគរយ នៅអាមេរិកខាងជើងមាន ២១ភាគរយ នៅអង់គ្លេសមាន ១៥ភាគរយ នៅតំបន់អឺរ៉ុបមាន ៦ភាគរយ និងនៅទីផ្សារផ្សេងទៀតមាន ២៣ភាគរយ។
គួរបញ្ជាក់ផងដែរថា JLR ជាក្រុមហ៊ុនផលិតរថយន្តធំរបស់ចក្រភពអង់គ្លេស ប៉ុន្តែត្រូវបានក្រុមហ៊ុន Tata Motors របស់ឥណ្ឌាទិញយកពីក្រុមហ៊ុន Ford Motor កាល ពីឆ្នាំ ២០០៨ ក្នុងតម្លៃ ២,៣ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃការពង្រីកវិសាលភាពក្រៅពីតំបន់អាស៊ី៕
មតិយោបល់