ព័ត៌មានជាតិ

ទណ្ឌិតជិត ៩០នាក់ ក្នុងចំណោម ៥៦០នាក់ ត្រូវបានលើកលែង និងបន្ធូរបន្ថយទោស ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក

ភ្នំពេញៈ ឆ្លងកាត់កិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសសម្រាប់ក្នុងឱកាសបុណ្យអ៊ំទូកខាងមុខនេះ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ រយៈពេល២ថ្ងៃគឺពីថ្ងៃទី២៦ ដល់២៧ ខែតុលា ឆ្នាំ២០១៦ គឺមាន ទណ្ឌិតជិត ៩០នាក់ ត្រូវបានលើកលែង និងបន្ធូរបន្ថយទោស។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅមុននេះបន្តិច។

នៅក្នុងកិច្ចប្រជុំនាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ជាលទ្ធផលគណៈកម្មការជាតិបានពិនិត្យបញ្ចប់លើសំណើរដែលទទួលបានពីគណៈកម្មការរាជធានីខេត្តចំនួន ១៩ និងគណៈកម្មការក្រសួងមហាផ្ទៃចំនួន ៤ ដែលរួមទណ្ឌិតសរុប ស្នើអនុគ្រោះទោសចំនួន ៥៦០នាក់(ស្ត្រី៤៣នាក់) ។

ឆ្លងតាមកិច្ចប្រជុំពិនិត្យពិភាក្សាយ៉ាងតឹងរឹង និងល្អិតល្អន់នោះ គណៈកម្មការថ្នាក់ជាតិបានឯកភាពស្នើអនុគ្រោះទោសដល់ទណ្ឌិតចំនួន ៨៨នាក់ (ស្រី៦) ក្នុងចំណោម៥៦០នាក់ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះ៖ ១. លើកលែងទោស ៧នាក់, ២. បន្ធូរបន្ថយទោស ៨១នាក់ ក្នុងនោះមាន បន្ធូរបន្ថយ ១២ខែ មាន ១៧នាក់ (ស្រី២នាក់), ៩ខែ ១៨នាក់ និង ៦ខែ មាន ៤៦នាក់ (ស្រី៤នាក់)៕

photo_2016-10-26_09-26-10

មតិយោបល់