ភ្នំពេញៈ មិនដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ តុលាការមិនអាចបើកសវនាការជំនុំជម្រះទោសលោក ស៊ាង ចែត បានឡើយ ដោយសារតែអវត្តមានសាក្សីដាក់បន្ទុកសំខាន់ៗ២រូប។
លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការជម្រះទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់សាក្សី ជាលុយ ចំនួន៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីជួយលោងលោមឱ្យស្រីមុំ និយាពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ទៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។ ហេតុផលសំខាន់នៃការលើកពេលសវនាការនាព្រឹកនេះ ដោយសារតែអវត្តមានលោកស្រី ស៊ាង លន ម្តាយបង្កើតកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក ហូ សុធារ៉ា បងថ្លៃ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលពួកគាត់ជាសាក្សីដាក់បន្ទុកដ៏សំខាន់លើជនជាប់ចោទឈ្មោះ ស៊ាង ចែត។
សូមបញ្ជាក់ថា លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីតំណាងអយ្យការពីបទ សូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌហើយបើយោងតាមបទចោទខាងលើនេះ លោក ស៊ាង ចែត អាចប្រឈមនឹងការជាប់ពន្ធនាគារកំណត់រយៈពេលពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕
https://youtu.be/FqD4-cdP-9s
មតិយោបល់