ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាន២នាក់ សង្ស័យពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន និង២នាក់ទៀតពាក់ពន្ធ័នឹងបទល្មើសប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពទិញលក់ជាក់ស្តែងនៅក្នុងបន្ទប់ជួលភូមិត្រពាំងគល់សង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះកែវ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្តុកកំណើត ភូមិព្រៃស្រម៉ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ថ្នាំញៀន ។ ទី២ឈ្មោះ លីប ប្រុសទីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាជនសង្ស័យ ទិញថ្នាំពី ឈ្មោះ កែវ ពន្លឺ ដើម្បីយកទៅចែកចាយបន្ត ។ ទី៣ឈ្មោះ ណុប រ៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃផ្ចឹក ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ពាក់ព័ន្ធទៅនឹងប្រើប្រាស់គ្រឿងញៀន និងជនសង្ស័យទី៤ឈ្មោះ ភន កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឈើក្រាយ ឃុំគោកបន្ទាយ ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធទៅនឹងប្រើប្រាស់គ្រឿងញៀន ។
ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន៨កញ្ចប់ធំ គិតជាទឹកប្រាក់ជាង៤០០ដុល្លារ ជញ្ជីងថ្លឹងថ្នាំញៀន១ សម្ភារៈវេចខ្ចប់មួយចំនួនធំ បន្ទះអាលុយមីញ៉ូម១ដុំ សម្រាប់ធ្វើជាកន្ទោងជក់គ្រឿងញៀន ឧបករណ៍សម្រាប់ជក់១ ស្នាប់ដៃ១ ម៉ូតូចំនួន២គ្រឿង រួមមានម៉ូតូម៉ាក ហុងដាសេ ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-3323 និងមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8225។
នគរបាលបានឲ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ជុំវិញករណីជួញដូរថ្នាំញៀនត្រង់ចំណុចខាងលើ និងក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនសែនជ័យ បង្ក្រាបទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា ទើបកម្លាំងប៉ុស្តិ៍កន្ទោក ដឹកនាំដោយលោក អង តេងនាយប៉ុស្តិ៍ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើដែលកំពុងធ្វើសកម្មភាពជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀននិងសម្ភារៈមួយចំនួនទៀត ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ បាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់