ភ្នំពេញៈ ជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែរកផ្លាកទីនទំងន់ជាង ២ជីពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូម្នាក់ឯង នៅពេលធ្វើសកម្មភាពរួចជនសង្ស័យទាំង ២នាក់ ក៏ជិះម៉ូតូរត់គេចខ្លួន ហើយក៏ត្រូវបានសមត្ថកិច្ចទាក់ទងតាមវិទ្យុអាយឌី ឲ្យកម្លាំងសមត្ថកិច្ចដែលឈរជើងតាមគោលដៅ និងកម្លាំងសមត្ថកិច្ចពួនស្ទាក់ធ្វើការចេញអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខបុរី ពិភពថ្មី ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ សុះ កុម្ភៈ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៨២៣ ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ និងទី២-ឈ្មោះ លេះ សារី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០២០ ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ជិះម៉ូតូ មួយគ្រឿង ម៉ាក ស្មានវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-0357។ ចំណែកឯរងគ្រោះឈ្មោះ ព្រុំ សំបូរ ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃផ្ចឹក ឃុំឆ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-4995។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ មួយគ្រឿងតែម្នាក់ឯង ដោយធ្វើដំណើរចេញពីផ្ទះទៅយកប្តីរបស់គាត់ចេញធ្វើការនៅមន្ទីពេទ្យកាល់ម៉ែត ដោយរូបគេបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងតាមក្រោយ ភ្លាមៗនោះ ជនសង្ស័យទាំង ២នាក់ក៏បានជិះវ៉ាខាងឆ្វេងដៃរួចធ្វើសកម្មភាពលូកដៃទាញឆក់ខែ្សរក បន្ទាប់ពីឆក់រួចជនសង្ស័ទាំង ២នាក់ព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយ និងកម្លាំងសមត្ថកិច្ចពួនស្ទាក់ល្បាត
រហូតដល់ចំណុចមុខ (កុងស៊ីកាប់ជ្រូក) ផ្លូវបេតុង ក្រុម១ ភូមិខ១ សង្កាត់ច្រាំចំរេះ២ ទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបាន ហើយយកមកអធិការដ្ឋាននគរបាលខណ្ឌសួរនាំតែម្តង។ ក្រោយពីធ្វើការសាកសួររួចមក ពួកគេទាំង ២នាក់បានសារថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែរកពីស្ត្រីម្នាក់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/pM1v2TNJZs4
មតិយោបល់