ភ្នំពេញៈ ជនសង្ស័យដែលជាបក្សពួកក្រុមចោរកាប់ប្លន់យកម៉ូតូលើកមុននេះ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាបបានម្នាក់ទៀតហើយ កាលពីវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា សមត្ថកិច្ចយើងបានទទួលបទបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនៃគណៈអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឲ្យកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌ និងប៉ុស្តិ៍ទាំង៦ ធ្វើការស្រាវជ្រាវតាមរកបក្សពួកក្រុមចោរទាំងនោះ ហើយសមត្ថកិច្ចយើងបានយកចិត្តទុកដាក់ព្រមទាំងបានកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។ ក្រោយពីធ្វើការឃាត់ខ្លួនរួចមក សមត្ថកិច្ចយើងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងស្វែងរកបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។
លោក ម៉ៅ ចាន់ថុន បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៃ ដារ៉ា ហៅរ៉ាដូង អាយុ ៣៥ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។
គួររំលឹកផងដែលថា កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានករណីក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ មួយគ្រឿង ម៉ាក Zoomer X ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0649 ពីជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ១នាក់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមនី្ទរពេទ្យលោកសង្ឃភ្លាមៗ។ ក្រោយពីកើតហេតុ សមត្ថកិច្ចយើងបានទៅដល់កន្លែង និងបានសួរនាំជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាយកដាក់ទោសតាមច្បាប់។
លុះមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួន វិចិត្រ ហៅសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ព្រមទាំងបានដកហូតនៅដាវសាំម៉ូរៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយពីធ្វើការសាកសួររួចមកឈ្មោះ ជួន វិចិត្រ ហៅសិដ្ឋ បានសារភាពថា រូបគេហើយនឹងបក្សពួកពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពិតប្រាកដមែន ដោយចូលរួមធ្វើសកម្មភាពមានឈ្មោះ ចាន់ វីរៈបុត្រ ភេទប្រុស អាយុ ២១ឆ្នាំ (បានរត់គេចខ្លួន) និងម្នាក់ទៀតឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ (បានរត់គេចខ្លួន)។
ក្រោយមកសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉ា បាននៅចំណុចកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/gRccNW02BAk
មតិយោបល់