បរទេសៈ ស្ត្រីមានផ្ទៃពោះគ្រប់រូបមានការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺផ្សេងៗដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចជាករណីក្អក ពិតជាអាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងតែអភិវឌ្ឍ។ អាស្រ័យហេតុនេះ ប្រសិនបើមានរោគសញ្ញាមិនស្រួលណាមួយ អ្នកគួរតែប្រញាប់ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់។
ការក្អក និងស្ត្រេស៖ ក្នុងពេលមានផ្ទៃពោះ ស្ត្រីតែជួបប្រទះនូវភាពតានតឹងជាញឹកញាប់ ហើយលទ្ធផលការក្អកនឹងកើតមានឡើង។ នៅពេលមានសម្ពាធផ្លូវអារម្មណ៍ខ្លាំង អ័រម៉ូន cortisol នឹងបញ្ចេញមកកាន់តែច្រើន ហើយឆ្លងកាត់របាំងសុក ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ទារកកំពុងតែអភិវឌ្ឍ។
ទោះជាយ៉ាងណា ទារកអាចស៊ូទ្រាំបានប្រសិនបើអ័រម៉ូន cortisol មានកម្រិតតិចតួច។ ប៉ុន្តែទារកកើតពីម្តាយដែលមានភាពតានតឹងច្រើន អាចទទួលភាពពិការ និងមានទម្ងន់ស្រាល។ ដូច្នេះ ប្រសិនបើមានភាពតានតឹងហួស អ្នកម្តាយគួរតែពិគ្រោះជាមួយអ្នកជំនាញភ្លាម។
ការក្អក និងឆ្លងមេរោគ៖ ជំងឺគ្រុនផ្កាសាយ និងជំងឺរលាកទងសួតដែលមានសភាពស្រាលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើការព្យាបាល ឬមានការឆ្លងមេរោគនេះធ្ងន់ធ្ងរវិញ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលទារក, កើតមកមិនគ្រប់ទម្ងន់ និងភាពមិនប្រក្រតីនៃសរីរាង្គណាមួយ។ ហេតុនេះ ប្រសិនបើកើតមានរោគសញ្ញាអ្វីមួយក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
ការក្អក និងឱសថ៖ ឱសថបុរាណសម្រាប់បន្ធូរបន្ថយអាការក្អកក្នុងពេលមានផ្ទៃពោះ គឺទទួលទានទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ឲ្យបានបួនដងក្នុងមួយថ្ងៃ។ មួយទៀតសូមប្រើឧបករណ៍បាញ់ចំហាយទឹកក្នុងបន្ទប់គេង ដើម្បីកាត់បន្ថយអាការក្អកនៅពេលយប់ និងជៀសវាងទទួលទានភេសជ្ជៈប៉ូវកម្លាំងដើម្បីបង្ការកង្វះជាតិទឹក និងក្អកកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាពទាំងម្តាយ និងទារកក្នុងផ្ទៃ អ្នកគួរតែពិគ្រោះយោបល់ជាមួយពេទ្យជំនាញរកវិធីដោះស្រាយដែលត្រឹមត្រូវ៕
មតិយោបល់