ភ្នំពេញៈ កម្មករសំណង់ប្រុសស្រី២ក្រុម មានគ្នាចំនួន៩នាក់ ទំនាស់ពាក្យសម្តីគ្នាឈានដល់ប្រើអំពើហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឲ្យមនុស្ស៤នាក់ របួសដេកពេទ្យ និង៥នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងបុរីហាយឡែនធីស៊ី ស្ថិតនៅក្រុម១ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមកម្មករដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនទី១ឈ្មោះ មឿន វៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ទី២ឈ្មោះ យ៉ឺយ ចំណាន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំង២ស្នាក់ក្នុងការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិជើងទឹក ឃុំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី៣ឈ្មោះ រឿង រ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់។ ទី៤ឈ្មោះ ហ៊ត សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបកម្មករសំណង់ និងទី៥ឈ្មោះ សេង ហ៊ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេការសំណង់ អ្នកទាំងអស់គ្នាស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើ និងមានស្រុកកំណើត ភូមិជ័យវីរៈ ឃុំគោកគង់ខាងជើង ស្រុកកញ្ជៀច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា ចំណែក៤នាក់ទៀតដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។
យោងតាមប្រភពពី មេការសំណង់ ឈ្មោះ សេង ហ៊ន អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកញ្ជៀច ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមួយថ្ងៃ បានបាត់ដែក(តាយ៉េ) ចំនួន១០០០តាយ៉េ សរុបជាទឹកប្រាក់ជាង១០ម៉ឺនរៀល ដោយខឹងពេករូបគាត់បានស្រែកជេរ និងសួររកមុខអ្នកលួច ក៏លេចមុខស្រ្តីម្នាក់ចេញមកឈ្លោះ និងជេរតបវិញ ធ្វើឲ្យក្រុមភាគីសងខាងចេញមកព្រោងព្រាត ដោយម្ខាងមានកាន់កាំបិត និងម្ខាងទៀតមានកាន់ដំបង បង្កទៅជាហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យកម្មករសំណង់៤នាក់រងរបួសធ្ងន់ ត្រូវសាច់ញាតិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ និង៥នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងនោះមានស្រ្តីម្នាក់រួមទាំងមេការសំណង់ម្នាក់ផងដែរ។
ក្រោយកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនមេការសំណង់ម្នាក់ និងកម្មករ៤នាក់ក្នុងនោះមានស្រីម្នាក់យកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនមកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខចាត់ការបន្ត តាមនីតិវិធីច្បាប់៕
មតិយោបល់