បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបំផុសឲ្យបងប្អូនប្រជាកសិករនៅតំបន់នៅតំបន់កុយម៉ែង នៃស្រុកមង្គលបូរី ចាប់ផ្តើមបង្កបង្កើនផលស្រូវប្រាំងជៀសវាងខ្វះទឹកនៅចុងរដូវ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម រួមជាមួយលោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ បានបំផុសដល់ប្រជាកសិករ ក្នុងឱកាស ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះ ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ការចាប់ផ្តើមការងារស្រូវប្រាំងប្រដេញទឹក ជំនួសឲ្យការធ្វើតាមទម្លាប់ពីមុន និងការប្តូរពេលវេលាក្នុងការដាំដុះរបៀបនេះ ស្រូវបងប្អូនប្រជាកសិករ នឹងមិនប្រឈម ការកង្វះខាតទឹកនាចុងរដូវ ដូចពេលកន្លងមកឡើយ ព្រោះថា តាមការពិនិត្យស្ថានភាពទឹកឃើញថា ដីស្រែនៅឃុំកុយម៉ែង ស្រុកមង្គលបូរី ជាតំបន់ទំនាប ប្រមូលទឹកពីតំបន់ផ្សេងៗ ហើយរហូតដល់ចុងខែវិច្ឆិកា ឬដើមខែធ្នូ ទើបទឹកស្រកផុត ។
លោកបន្ថែមថា ម្យ៉ាងទៀតប្រជាកសិករដែលនៅម្ខាង នៃភ្លឺប្រឡាយជួបការលំបាក ក្នុងការដឹកជញ្ជូនកសិផល ព្រោះជាទូទៅភ្លឺប្រឡាយក្រាលគ្រួសក្រហមតែម្ខាង ទើបលោកឧបត្ថម្ភថវិកាផ្ទាល់ខ្លួន១ម៉ឺនដុល្លារ ដើម្បីយកទៅរៀបចំភ្លឺប្រឡាយម្ខាងទៀត ឲ្យក្លាយជាផ្លូវលំក្រាលគ្រួសក្រហម ងាយស្រួលដល់ការដឹកជញ្ជូនកសិផល របស់បងប្អូន។
ទន្ទឹមនឹងនោះដែរលោក លឹម គានហោ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យតម្លើងម៉ាស៊ីន បូមទឹក២គ្រឿង នៅចំណុចឃុំកុយម៉ែង ស្រុកមង្គលបូរីដើម្បីបូមទឹកចេញពីដីស្រែផងដែរ ៕
មតិយោបល់