ព័ត៌មានជាតិ

បញ្ជូនមេកន្ទុយលេខម្នាក់ ​ទៅ​តុលាការខេត្តសៀមរាប​

សៀមរាប: ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងដោយខុសច្បាប់ លក់កន្ទុយលេខ(ឆ្នោត) ត្រូវបានត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ ខេត្តសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប តែងតែប្រជុំដាស់តឿនដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលខុសច្បាប់ និងបទល្មើសផ្សេងៗ ដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីសំណាក់លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់  បើកល្បែងស៊ីសងដោយខុសច្បាប់ លក់កន្ទុយលេខ (ឆ្នោត) បានធ្វើការដកហូតវត្ថុតាងមួយចំនួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប្រាក់ ម៉ាឌី អាយុ៤៩ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាប់ហួយ និង កន្ទុយលេខ (ឆ្នោត) នៅផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។ សម្ភារ:ដែលសមត្ថកិច្ចដកហូត បានជាក់ស្តែងមាន៖ -សៀវភៅ សម្រាប់កត់កន្ទុយលេខ -សន្លឹកកន្ទុយលេខមួយចំនួន និងទូរសព្ទម៉ាក SAMSUNG ០១គ្រឿងសម្រាប់ប្រព្រឹត្តបទល្មើស (ហៅលេខឆ្នោត និងបាញ់លេខឆ្នោតតាមប្រព័ន្ធ ឡាញ ទៅឲ្យមេឆ្នោតផ្សេងទៀត។

លោកប្រធានការិយាល័យ បានបន្តថា ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចនគរបាលយើងបានឆ្លើយសារភាព និងទទួលស្គាល់ថា ពិតជាបានលក់កន្ទុយលេខ ខុសច្បាប់មែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅដល់តុលាការខេត្តសៀមរាប ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

chnot-3

chnot-1

chnot-2

មតិយោបល់