ភ្នំពេញៈ ក្រោយពីបានបើកកម្មវិធី ចុះកម្មសិក្សា បង្រៀនភាសាអង់គ្លេស អស់រយៈពេល ២០ថ្ងៃរួចមក សាកលវិទ្យាល័យ ក្វាងស៊ី (Guangxi Teacher Education University) នៃសាធារណរដ្ឋប្រជាមានិតចិន និងវិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំពិធីបិទ និងប្រគល់វិញ្ញាបនបត្រជូន និស្សិតកម្មសិក្សា ជនជាតិចិនចំនួន២០រូប ដែលបានមកបង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
យោងតាមរបាយការណ៍របស់លោក មូល ស៊ុយហេង នាយកវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានឲ្យដឹងថា កម្មវិធីចុះកម្មសិក្សានេះបានធ្វើឡើងចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ដោយមាននិស្សិតកម្មសិក្សាចំនួន ២០រូបមកពីសាកលវិទ្យាល័យ ក្វាងស៊ី និងមានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចំនួន១១៦នាក់ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១។
លោកនាយកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យ និងនិស្សិតកម្មសិក្សាទាំអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកបង្រៀនសិស្សានិសិស្សរបស់លោកនាពេលនេះ។ លោកសង្ឃឹមថា សាកលវិទ្យាល័យនឹងរៀបចំឲ្យមានកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
ក្នុងឱកាសនោះលោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិតាំងពីយូរលង់ណាស់មកហើយប្រទេសចិន និងកម្ពុជា គឺនៅតែបន្តនូវវប្បធម៌ជួយគ្នាទៅវិញទៅមកបែបនេះជារៀងដរាបមក។ កម្មវិធីចុះកម្មសិក្សានេះក៏ជាចំណុចមួយនៃការពង្រឹងកិច្ចសហការគ្នារវាងប្រទេសទាំងពីរផងដែរ។
លោកស្រីបានឆ្លៀតឱកាសនោះសម្តែងការអរគុណចំពោះសាកល វិទ្យាល័យ ក្វាងស៊ី និងលោក កែវ ធឿន អតីតកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុង ណាននីង ខេត្តក្វាងស៊ី ដែលបានរៀបចំឱ្យមានកម្មវិធីកម្មសិក្សានេះឡើងក្នុងគោលបំណងពង្រឹងនូវគុណភាពអប់រំនៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោកស្រីបានផ្តាំផ្ញើដល់ប្អូនសិស្សានុសិស្សទាំងអស់ឲ្យចៀសពីគ្រឿងញៀន និងខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ៕
https://youtu.be/crb6EA3M2Sk
មតិយោបល់