កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហានទាំងអស់ ដែលទើបតែត្រូវបាន បំពាក់ជូនឋានន្តរសក្កិក្នុងថ្ងៃនេះត្រូវ ខិតខំបំពេញតួនាទីនិងភារៈកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ ដើម្បីពង្រឹង បន្ថែមសមត្ថភាព មានបទពិសោធន៍ការងារដើម្បី បន្តយកទទួលឋានន្តរសក្កិខ្ពស់ជាងនេះថែមទៀត ក៏ដូចជាបង្កើននូវសមត្ថភាព តួនាទីរបស់ខ្លួន សម្រាប់ផ្លាស់ប្តូរភារៈកិច្ចស្នងរៀមច្បងជំនាន់មុន ដែលត្រូវបានចូលនិវន្តន៍ជាបន្តបន្ទាប់នាពេលខាងមុខនេះ ។
លោកបានមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធី បំពាក់ឋានន្តរសក្កិជូននាយទាហាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៦៩រូប ថ្នាក់អនុសេនីយ៍ ដែលទើបទទួលបានសេចក្តីសម្រេច តែងតាំងឋានន្តរសក្កិថ្មី ដែលត្រូវបានចាត់ធ្វើឡើង នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងគណៈ ប្រតិភូជាច្រើនរូប។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនៃភារកិច្ច របស់យោធិន គួបផ្សំនិងសមត្ថភាព សីលធម៌ ការគោរពវិន័យ ការងារ បទបញ្ជាអង្គភាព ក៏ដូចជាបទពិសោធន៍ ក្នុងការបំពេញភារកិច្ចនិងស្នាដៃ យោធិនត្រូវបានសម្រេចតែតាំងមុខងារ តួនាទី តម្លើងឋានន្តរសក្កិ ជាបន្តបន្ទាប់ នៃមុខតំណែងដែលមានរបស់អង្គភាពនីមួយៗ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយឆ្លងតាមការវិវត្តន៍ បែ្រប្រួលរបស់ប្រទេសជាតិ កងយោធពលខេមរភូមិន្ទបានធ្វើការកែទម្រង់បន្តបន្ទាប់តាមកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើភាពរឹងមាំក្នុងវិស័យការពារជាតិ។
ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា ឯករាជ ស្ថេរភាព សន្តិភាព នៅកម្ពុជាយើង មិនទុកឲ្យជនអគតិណាបំផ្លាញបានទេ យើងត្រូវត្រៀមខ្លួនជាស្រេច ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសូមឲ្យនាយទាហាន ដែលទើបតែទទួលឋានន្តរសក្កិថ្មី ខិតខំបំពេញភារៈកិច្ច គោរពវិន័យ សិក្សារៀនសូត្របន្ថែម នូវមុខវិជ្ជាផ្សេងៗ និងពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង ដោយមិនត្រូវយករឿងផ្ទៃក្នុងទៅធ្វើការបង្ហោះផ្សព្វផ្សាយ ក្នុងប្រព័ន្ធហ្វេសបុក ដោយការមើលងាយប្រមាថរាជរដ្ឋាភិបាលជាដាច់ខាត ព្រោះយើងជាកងយោធពលខេមរភូមិន្ទ មិនត្រូវជឿពាក្យឃោសនា បោកបញ្ឆោតពីសំណាក់ពួកព្យាយាមបំបែកបំបាក់រដ្ឋាភិបាលនេះទេ៕
មតិយោបល់