ត្បួងឃ្មុំៈ អាជីវករនៅក្នុងផ្សារសួងជាង៣០ នាក់បាននាំគ្នាទៅតវ៉ានៅសាលាក្រុងសួងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី ៣១ តុលា ២០១៦ ដើម្បីតវ៉ារឿងភាស៊ីផ្សារយកលើសសៀវភៅបន្ទុក ដាក់ច្រវ៉ាក់តាមផ្លូវយកលុយ និងការដែលសន្តិសុខផ្សារសួងចាក់ត្រីអាជីវករក្នុងផ្សារចោល កាលពីព្រឹកថ្ងៃទី ២៧ តុលា ២០១៦ សន្តិសុខផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានលើកកញ្ឆេរត្រីរបស់អាជីវករក្នុងផ្សារចាក់ត្រីចោលដោយក្រោមលេសថា អាជីវករក្នុងផ្សារសួង ដាក់កញ្ឆេរត្រីលក់លើផ្លូវ។
បើតាមប្រភពអាជីវករម្នាក់នៅក្នុងផ្សារសួង បានឲ្យអ្នកសារព័ត៌មានដឹងថា អាជីវករលក់ត្រីនៅក្នុងផ្សារនេះ គាត់ទើបនឹងដាក់កញ្ឆេរត្រី ពីលើម៉ូតូមិនទាន់ទាំងបានលើកដាក់លក់លើស្តង់ផង ស្រាប់តែសន្តិសុខផ្សារសួងនេះមកលើក កញ្ឆេរត្រីរបស់គាត់ជះត្រីគាត់ចោល ហើយយកកញ្ឆេរត្រីរបស់គាត់គ្រវីដូចពួកក្មេងពាលបាតផ្សារ។
អាជីវករដដែលបានបន្តទៀតថា គាត់លក់ក្នុងផ្សារសោះ គ្រាន់តែដាក់កញ្ឆេរត្រីលើផ្លូវមួយភ្លេត បែរជាយកត្រីគ្នា ជះចោល ចុះអ្នកដែលលក់នៅលើផ្លូវសាធារណៈ ក្រៅផ្សារនោះ មិចក៏មិនទៅលើកជះចោលឲ្យអស់សិន ទៅចាំមកលើកនៅក្នុងផ្សារជះចោលទៀត។ អាជីវកររូបនោះបានបន្ថែមទៀតថា ពួកសន្តិសុខផ្សារសួងធ្វើនេះគឺធ្វើដើម្បីឲ្យអាជីវករក្នុងផ្សារសួង ឈប់លក់នៅក្នុងផ្សារបង្ខំចិត្តទៅលក់នៅតាមផ្លូវសាធារណៈក្រៅផ្សារវិញទើបសន្តិសុខ មិនជះត្រីរបស់ពួកគាត់ចោលដូចពេលនេះ ហើយភាស៊ីក៏យកបានថ្លៃលើសសៀវភៅបន្ទុក នេះជាល្បិចរបស់ថៅកែរផ្សារសួងចង់យកផ្លូវសាធារណៈធ្វើអាជីវកម្ម ដេញអាជីវករក្នុងផ្សារឲ្យមកលក់តាមផ្លូវសាធារណៈ ខាងក្រៅផ្សារវិញតែប៉ុណ្ណោះ ។
ប៉ុន្តែបន្ទាប់ពីការប៉ះទង្គិចគ្នារួចមក ក៏មានការសម្របសម្រួលរវាងអាជីវករ និង លោក ជា ណារ៉ុន អភិបាលក្រុងសួង ដោយលោកអភិបាលក្រុងសួង សងទៅម្ចាស់ត្រីដែលសន្តិសុខផ្សារចាក់ត្រីចោលនោះចំនួន មួយលានរៀល តែអាជីវករនោះមិនព្រមយកទេ គឺគ្រាន់តែសំណូមពរឲ្យដកសន្តិសុខផ្សារដែលដៃដល់នោះចេញ ព្រោះអាជីវករក្នុងផ្សារសួងមានការព្រួយបារម្ភ ចំណែករឿងភាស៊ីនិង ដាក់ច្រវ៉ាក់យកលុយនោះគឺទុកដោះស្រាយនៅពេលក្រោយបន្តទៀត ៕
មតិយោបល់