ទឹកដោះគោជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយគុណតម្លៃនៃអាហាររូបត្ថម្ភដ៏សម្បូរបែប ព្រមទាំងអាចការពារជំងឺបានច្រើនមុខ។ ពីព្រោះនៅក្នុងផ្លែទឹកដោះគោ ១០០ក្រាម មានផ្ទុក ៦៧,២កាឡូរី, វីតាមីន B1, B2, B3, C, ជាពិសេសជាតិដែក, ជាតិសរសៃ, ប្រូតេអ៊ីន…រួមទាំងសារធាតុសំខាន់ៗផ្សេងទៀត។
ហេតុនេះហើយ ប្រសិនបើអ្នកទទួលទានវាជាប្រចាំ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ជាប្រភពវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម
ប្រសិនបើអ្នកទទួលទានផ្លែទឹកដោះគោរាល់ថ្ងៃ រាងកាយនឹងស៊ាំជាមួយភ្នាក់ងារបង្ករោគ។ លើសពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចជួយទប់ស្តាត់ និងកម្ចាត់ជាតិពុល រួមទាំងរ៉ាឌីកាល់សេរីចេញពីរាងកាយ។
មានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ
សារធាតុកាល់ស្យូម, ផូស្វ័រ, ដែក និងម៉ាញេស្យូម នៅក្នុងផ្លែទឹកដោះគោ គឺជាសមាសភាគសំខាន់បំផុតដែលអាចជួយដល់ស្ត្រីមានផ្ទៃពោះ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
ផ្តល់កាបូនអ៊ីដ្រាតសម្រាប់រាងកាយ
រាងកាយរបស់យើងត្រូវការថាមពលកាបូនអ៊ីដ្រាតចំនួន ៦០% នៃថាមពលសរុប។ បើគ្មានសមាសភាគនេះទេ ដំណើរការរបស់សរសៃប្រសាទនឹងមានការរំខាន។ ដូច្នេះ ការទទួលទានផ្លែទឹកដោះគោប្រចាំថ្ងៃ អាចបំពេញតម្រូវការមួយនេះបាន។
ជំនួយដល់ឆ្អឹង កម្ចាត់ខ្លាញ់ដែលលើស
កាល់ស្យូមដែលមានវត្តមាននៅក្នុងផ្លែទឹកដោះគោមានចំនួន ១០% គឺអាចបំពេញតម្រូវការជាតិកាល់ស្យូមរបស់យើងជាមធ្យមក្នុងមួយថ្ងៃបាន។ វាមិនត្រឹមតែអាចជួយកសាងឆ្អឹងឲ្យរឹងមាំប៉ុណ្ណោះទេ ថែមទាំងអាចកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីរាងកាយថែមទៀត។
ជាតិសរសៃ
ផ្លែទឹកដោះគោសម្បូរទៅដោយជាតិទឹក និងសរសៃ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។
ដូច្នេះ ផ្លែឈើមួយប្រភេទនេះសាកសមសម្រាប់អ្នកដែលមិនចង់ឡើងទម្ងន់ ឬចង់សម្រកទម្ងន់។ ក្រៅពីនេះ វាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងការពារជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព៕
មតិយោបល់