ភ្នំពេញៈ បុរសម្នាក់ទើបតែទិញរថយន្តបាន មួយថ្ងៃ ជិះទៅជប់លាងរថយន្តថ្មី បើកបរមកវិញធ្លាក់ភ្នែក ជ្រុលចង្កូតធ្លាក់ចូលម៉ាត់ប្រឡាយទឹកស្អុយបាក់ទូក ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចម៉ាត់ប្រឡាយបាក់ទូក ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ 2AF-8275 ចំណែកឯម្ចាស់មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាមានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកបរដោយបុរសម្នាក់ ដោយជិះតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ទើបចេញពីកន្លែងស៊ីផឹកនៅហាង មួយកន្លែងក្បែរនិងកើតហេតុខាងលើ ដោយបុរសខាងលើបានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ លុះពេលជិះមកដល់ចំណុចផ្លូវលំ ម៉ាត់ប្រឡាយទឹកល្អុយបាក់ទូក ស្មានតែផ្លូវបទទៅផ្សារសាំផាន់ ក៏បានបួងចង្កូតបទស្តាំក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលចង្កូតធ្លាក់ក្បាលរថយន្តចូលម៉ាត់ប្រឡាយ តែសំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ក្រោយពីកើតហេតុ អ្នកបើកបររថយន្តខំស្រវេស្រវ៉ាបើកទ្វាររថយន្តឡើងគោកក្នុងស្ថានភាពស្រវឹងហៅម៉ូតូឌុបឡើងជិះទៅផ្ទះបាត់ដោយទុករថយន្តនៅកន្លែងកើតហេតុ។ លុះព្រឹកឡើងម្ចាស់រថយន្តបានជិះម៉ូតូឌុបមកកន្លែងកើតហេតុខាងលើវិញ ខណៈពេលមកដល់ឃើញអ្នកសារព័ត៌មានកំពុងថតផ្តិតយករូបភាពទៅផ្សព្វផ្សាយ ស្រាប់តែបុរសជាម្ចាស់រថយន្តបានស្តីឲ្យអ្នកសារព័ត៌យើងយ៉ាងខ្លាំងថា កុំថតជាប់រូបគាត់ បើថត ថតតែរថយន្តបានហើយ បើហ៊ានថតរូបគាត់ ប្រយ័ត្នមានរឿងធំ មិនដឹងថាបុរសខាងលើនោះអាងខ្នងអ្វីនោះទេ។ ក្រោយពីស្តីឲ្យអ្នកសារព័ត៌មានរួចមក បុរសខាងលើនេះ បានហៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅដាក់នៅការ៉ាស់ឡានដើម្បីជួសជុលដោយខ្លួនឯង៕
https://youtu.be/6WGOmnqZYC8
មតិយោបល់