ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តតាកែវ ក្របួច អ្នកជួញដូរគ្រឿងញៀន៣នាក់ ដកហូតវត្ថុ តាងមួយចំនួនធំ

តាកែវ: កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបករណីជួញដូរ និងចែចាយគ្រឿងញៀន ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតវត្ថុតាងមួយចំនួនធំ។

ករណីនេះ ធ្វើឡើងកាលពីចន្លោះម៉ោងជាង៤រសៀលទៅ ម៉ោងជាង៦ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ប្រតិបត្តិការ ចុះបង្ក្រាបដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជារបស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ប៉ែត វិរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ ២-ឈ្មោះ គួយ ផាន់និត ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុក សំរោង។ ៣-ឈ្មោះ ឆោម ភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ-ឃុំជាមួយឈ្មោះ គួយ ផាន់និត។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុ តាងរួមមាន ៖ ថ្នាំញៀន ២២កញ្ចប់តូច,១កញ្ចប់ធំ,អាវុធកែច្នៃ១ដើម,ខ្សែក ២ខ្សែ,កងដៃ១គូ,ខ្សែ ដៃ១,ទូរស័ព្ទដៃ ១គ្រឿង,ម៉ូតូសេ១២៥ ១គ្រឿង និងសម្ភារសម្រាប់ជក់មួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Drug_Sale_01_30_04_16 Drug_Sale_02_30_04_16

មតិយោបល់