ព័ត៌មានជាតិ

រដ្ឋលេខាធិការ ៖ ភាពជោគជ័យរបស់និស្សិត គឺជាធនធានដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ : លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ថា ភាពជោគជ័យរបស់ប្អូនៗ សិស្ស-និស្សិត គឺជាជោគជ័យរបស់គ្រួសាររបស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល ដែលទទួលបានជ័យលាភី ក្នុងការសិក្សាថ្នាក់ គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ។

លោកបន្តថា ធនធានមនុស្សដែលយើងបានទទួលថ្មីនេះ គឺជាធនធានដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និយាយជារួម គឺជាធាតុចូលដ៏ចាំបាច់សម្រាប់ជួយពង្រឹងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តាមរយៈតម្លាភាព
គណនេយ្យភាព និងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ។

ដោយឡែក ទីផ្សារមូលប័ត្រ ត្រូវបានបើកឲ្យដំណើរការ ដោយជោគជ័យ តាមគោលនយោបាយ របស់រដ្ឋាភិបាល ក៏ត្រូវការចាំបាច់បំផុតនូវធនធានមនុស្ស ដែលមានចំណេះដឹង ខាងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់វិស័យថ្មី នេះក៏ដូចជាការចូលរួមដើម្បីកំណើនខឿនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។

លោកបានសំណូមពរដល់វិទ្យាស្ថាន ខេមអេដ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបណ្តុះបណ្តាល អាជីពនេះ ឲ្យកាន់តែបានលទ្ធផលល្អកាន់តែប្រសើរជាងមុន សំដៅបំពេញឲ្យបាននូវផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd បានមានប្រសាសន៍ថា វិទ្យាស្ថានបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាពដល់សាធារណជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាននេះ ដោយយកគុណភាពជាចំបង ជាពិសេសចំពោះគុណភាពគ្រូបង្រៀននិងកម្មវិធីសិក្សា ដើម្បីឲ្យស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។ ជាលទ្ធផល វិទ្យាស្ថានត្រូវបានទទួលស្គាល់ពីសាធារណៈជនទាំងក្នុង និងក្រៅប្រទេស តួយ៉ាងដូចជា សមាគមគណនេយ្យករជំនាញ ACCA
របស់ចក្រភពអង់គ្លេសជាដើម។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល (CamEd Business School) បានរៀបចំពិធីប្រគល់សញ្ញាប័ត្រជូនដល់និស្សិត ដែលបានប្រឡងបញ្ចប់កម្មវិធីសិក្សា ACCA CAT ថ្នាក់កម្រិតបរិញ្ញាបត្រ និងនិស្សិតឆ្នើមសម្រាប់ឆមាសខែមិថុនា និងខែធ្នូ ឆ្នាំ២០១៥ ក្រោមវត្តមានរបស់លោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្កូល, សាស្ត្រាចារ្យ, និយោជក, បុគ្គលិក
និងនិស្សិតប្រមាណជិត ៥០០នាក់៕

0000000013 0000000014 0000000015

មតិយោបល់