ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថាការបណ្តុះបណ្តាលធនធានមនុស្សជារឿងសំខាន់ ដែលមិនអាចមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខ។ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំនេះ ហើយអ្វីដែលជាការកត់សម្គាល់ នៅ៣ឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពីមានការកែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឃើញថា វិស័យអប់រំបានធ្វើដំណើរទៅមុខយ៉ាងលឿនលើគុណភាពសិក្សារបស់សិស្ស។
លោក ប៉ា សុជាតិវង្ស បានលើឡើងបែបនេះក្នុងឱកាលបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ និងផ្តល់រង្វាន់ដល់ ជាប់និន្ទេស Aនិងសិស្សពូកែជាប់ចំណាត់ថ្នាក់ ពីលេខ១ ដល់ចំណាត់ថ្នាក់៣ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២មកពីគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈមានចំនួន ៣៣៨៤នាក់ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្តថា ការបណ្តុះបណ្តាល អប់រំល្អ វានឹងបង្កើតឲ្យមានធនធានមនុស្សល្អ ហើយបើមានធនធានមនុស្សនោះការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខ វាមិនមែនជារឿងលំបាកនោះទេ។ ធនធានមនុស្សជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិទាំងមូល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំបានពង្រីកលើវិស័យអប់រំនេះយ៉ាងសម្បើម។
លោកបន្តថា ជាក់ស្តែងកាលពីឆ្នាំ១៩៧៩ យើងមានសាលាបឋមសិក្សាចំនួនតែ៤០ ទីតាំង អនុវិទ្យាល័យចំនួន៣ទីតាំងនិងវិទ្យាល័យគ្មាន និងមានសិស្សសិក្សាតែ៤២០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០១៦-២០១៧នេះ យើងមានសាលាបឋមសិក្សាចំនួន១៦៤ ទីតាំង អនុវិទ្យាល័យចំនួន៣២ទីតាំងនិងវិទ្យាល័យចំនួន៣៤ទីតាំង ដែលមានសិស្សានុសិស្ស សិក្សារៀនសូត្រ រហូតដល់ជាង៣០ម៉ឺននាក់។
លោកអភិបាលបន្តថា នៅពេលមានការកែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឃើញថា នៅក្នុងឆ្នាំទី១ នៅទូទាំងប្រទេសមានសិស្សប្រឡងជាប់និន្ទេសAត្រឹមតែ១១នាក់ប៉ុណ្ណោះ នៅឆ្នាំទី២ សិស្សប្រឡងជាប់និន្ទេសAបានកើនឡើងដល់១០៨នាក់និងនៅឆ្នាំទី៣កន្លងមកថ្មីៗនេះ សិស្សប្រឡងជាប់និន្ទេសA បានកើនឡើងដល់៤០៥នាក់ ។ក្នុងចំនួននេះសម្រាប់រាជធានីភ្នំពេញបានកើនឡើងដល់១៨៣នាក់។ នេះពិតជាបង្ហាញពីការរីកចម្រើនលើវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយវាក៏បានបង្ហាញឃើញពីសង្គមមួយនេះមានការរីកចម្រើនផងដែរ មិនថាការសិក្សាឬវិស័យកីឡានោះទេ គឺមានការអភិវឌ្ឍន៍ខ្លាំងក្លាតែម្តង ដោយមានអ្នកគាំទ្រលើវិស័យកីឡានេះនៅពហុកីឡដ្ឋានអូឡាំពិក រហូតដល់រាប់ម៉ឺននាក់។
ក្នុងឱកាសនោះលោក ប៉ា សុជាតិវង្ស ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទៅអស់ត្រូវនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនការឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត។ ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេឲ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ប្រកបដោយគុណភាព
និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹងពាក្យថា ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ។ ក្នុងស្មារតីនេះយើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យអប់រំ ឲ្យមានការរីកចម្រើន និងលូតលាស់ទៅមុខបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់សិស្សប្រលងជាប់និន្ទេសA ចំនួន១៨៣នាក់ សម្តេចតេជោ ផ្តល់អំណោយជូន ក្នុងម្នាក់ៗ សៀវភៅ១០ក្បាល ប៊ិច២ដើម និងថវិកាចំនួន១០ម៉ឺនរៀល ។ចំណែកសិក្សាពូកែមានចំណាត់ថ្នាក់ផ្សេងៗទៀតក៏ទទួលបានសៀវភៅ ប៊ិច និងថវិកាមួយចំនួនផងដែរ៕
មតិយោបល់