ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសស្ត្រីចិននិងខ្មែរម្នាក់ ដាក់ពន្ធនាគារ២៥ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៥០លានរៀនរៀល

ភ្នំពេញៈ ក្រោយពីបើកសវនការអស់ជាច្រើនលើករួចមក នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហេង សុណា ចៅប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីជនជាតិម្នាក់ ឈ្មោះ ជិន ហាយយាន និងបុរសជនជាតិខ្មែរម្នាក់ឈ្មោះ លី ធៀមឆាយ ហៅ គឹម ឆាយ ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ ២៥ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ៥០លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងបន្ទប់លេខ៥០៧ សណ្ឋាគារសុខា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ កាលពីអំឡុងថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

សូមបញ្ជាក់ថា ជនជាប់ចោទជាជនជាតិចិនឈ្មោះ ជិន ហាយយាន បានស្រែកទ្រហោយំយ៉ាងខ្លាំងនៅក្នុងសវនាការដោយបដិសេធថា នាងមិនបានជូញដូរគ្រឿងញៀនដូចការចោទប្រកាន់នោះទេ ហើយនាងសម្រេចប្តឹងឧទ្ធរណ៍។

ដោយឡែកជនជាប់ចោទឈ្មោះ លី ធៀមឆាយ ហៅ គឹម ឆាយ មិនទាន់ប្រាកដថានឹងប្តឹងឧទ្ធរណ៍ឬក៏អត់នោះទេ។

គួររំឭកថា ជនជាប់ចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតមីន មួយចំនួន។

ក្រោយមកទៀតសមត្ថកិច្ចបានស្រាវជ្រាវចាប់បានបក្ខពួកជិត១០នាក់ទៀត និងដកហូតបានគ្រឿងញៀនជាម្សៅក្រាម ប្រភេទមេតំហ្វេតាមី ចំនួន ប្រមាណជា ជាង៤គីឡូក្រាម នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ីវ ភារិទ្ធ ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

https://youtu.be/1K7yxshA7VY

មតិយោបល់