បន្ទាយមានជ័យៈ ជនសង្ស័យដែលជាមុខសញ្ញា លួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលធ្វើការចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបាន២ថ្ងៃ រួចបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវវសេនីយ៍ទោ ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉ក់ គង់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិជំទាវ ឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៣១ តុលា ២០១៦ បន្ទាប់ពីជនសង្ស័យរូបនេះ ជាមួយបក្ខពួក២នាក់ទៀតមានឈ្មោះ ប៉ក់ រាត្រី ហៅវ៉ិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងម្នាក់ទៀតឈ្មោះ ហាំង ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះរបស់ពលរដ្ឋឈ្មោះ ម៉ក់ ការ៉ូន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី លួចយកអស់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ប.មានជ័យ 1G-4261 និងទូរទស្សន៍ម៉ាកសាំស៊ុង ពណ៌ខ្មៅ ១គ្រឿង ខណៈពេលដែលម្ចាស់ផ្ទះមិននៅរវល់ទៅមើល Concert នៅស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក បានបន្តទៀតថា បន្ទាប់ពីមានករណីលួចគាស់ទ្វារផ្ទះកើតឡើងខាងលើក្រោយពីលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តទទួលបណ្តឹងពីជនរងគ្រោះបានដាក់បញ្ជាការដល់ការិយាល័យជំនាញចុះធ្វើការស្រាវជ្រាវ និងដោយមានការដឹកនាំ សម្របសម្រួលពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ម៉ក់ គង់ និងបានដកហូតបានម៉ូតូរបស់ជនរងគ្រោះ មកវិញ និងបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ឯបក្ខពួកគេ២នាក់ទៀត ឈ្មោះ ហាំង និងឈ្មោះ ប៉ក់ រាត្រីហៅវ៉ិត បានរត់គេចខ្លួន។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើងកំពុងតែតាមប្រមាញ់ ចាប់បក្ខពួកទាំង២នាក់ទៀត យកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួចហើយកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០១៦ យប់ម្សិលមិញនេះ ៕
មតិយោបល់