ត្បូងឃ្មុំៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹកតាមផ្លូវរទេះ ដែលមានជម្រៅប្រហែលកន្លះម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ទាបភ្លឺឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលស្រែខាងជើងភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ ឈឿន សុគា ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះតែម្នាក់ឯង ដើម្បីទៅឆ្លុះត្រីនៅវាយស្រែខាងជើងភូមិ តែបែរជាបាត់មិនឃើញត្រឡប់មកវិញ លុះដល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក បងប្អូនជនរងគ្រោះបានចេញទៅតាមរក ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងទឹកតាមផ្លូវរទេះជម្រៅប្រហែលកន្លះម៉ែត្រស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ លង់ទឹកស្លាប់ពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់