បន្ទាយមានជ័យៈ លោកអភិបាលស្តីទី ខេត្តបន្ទាយមានជ័យ បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ ស្របតាមកំណែទម្រង់របស់រដ្ឋាភិបាល ហើយត្រូវដើរចេញឲ្យឆ្ងាយពីគ្រឿងញៀន។
ថ្លែងក្នុងពិធីបើកបវេសនកាល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅវិទ្យាល័យហ៊ុន សែនខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ក្រោមការចូលរួមពីសំណាក់លោក ឈើយ ចាន់ណា អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ខណៈដែលសាលាទូទាំងខេត្តក៏បានប្រារព្ធធ្វើដែរ។
ក្នុងឱកាសនោះលោកស្តើង តុងហឹង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៥-២០១៦ កន្លងមកនេះ ទូទាំងខេត្តបន្ទាយមានជ័យ មានសាលារៀនចំណេះទូទៅរដ្ឋចំនួន ៧៧៤កន្លែង ក្នុងនោះមត្តេយ្យសិក្សាមានចំនួន ២៨៦កន្លែង មានសិស្សចំនួន ១៣ ៤៨២នាក់ ស្រី៦ ៧៣៩នាក់ បឋមសិក្សាចំនួន ៤០៨កន្លែង មានសិស្ស ចំនួន៩២ ៧១៨នាក់ ស្រី៤៥ ៤៨៥នាក់ អនុវិទ្យាល័យ ចំនួន៥៤កន្លែង មានសិស្សចំនួន១២ ៣៦៤នាក់ ស្រី៦ ៤២៣នាក់ វិទ្យាល័យចំនួន ២៦កន្លែង មានសិស្សចំនួន ២១ ៩៩៧នាក់ ស្រី១០ ៩៩៨នាក់។ ក្នុងនោះសម្រាប់ការប្រឡងបាក់ឌុបឆ្នាំមុននេះ ខេត្តបន្ទាយមានជ័យ មានសិស្សទទួលបាននិទ្ទេសA ចំនួន១៦នាក់។
ជាមួយគ្នានោះផងដែរ លោក អភិបាលខេត្តស្តីទី បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ សែន និងបានធ្វើការវាយតម្លៃ កោតសរសើរចំពោះលទ្ធផលសិក្សារបស់សិស្សានុសិស្សនាពេលកន្លងមក ដែលទទួលបានលទ្ធផលល្អ ពីមួយឆ្នាំទៅមួយឆ្នាំ និងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលសិស្សរបស់លោកគ្រូអ្នកគ្រូ។
ក្នុងនោះដែរលោក ឈើយ ចាន់ណា ក៏បានអំពាវនាវ និងជំរុញឲ្យសិស្សានុសិស្សទាំអស់ ត្រូវបន្តខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ដើម្បីទទួលបានល្អ និទ្ទេសល្អ ស្របតាមកំណែទម្រង់របស់រដ្ឋាភិបាល ហើយដើរចេញឲ្យឆ្ងាយពីគ្រឿងញៀន៕
មតិយោបល់