ព័ត៌មានជាតិ

ព្រមព្រៀងគ្នាឡើងឋានសួគ៌បាន២ថ្ងៃ ម្ដាយថ្លៃប្ដឹងសមត្ថកិច្ចឲ្យចាប់បង

ភ្នំពេញៈ បុរសជាសន្តិសុខក្រុមហ៊ុន I P S ដែលយាមកាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ម្នាក់ ត្រូវបានជាប់ចោទពីបទលួងលោមក្មេងស្រីក្រោមអាយុ១៥ឆ្នាំម្នាក់ យកទៅរំលោភបានសម្រេចម្ដង ហើយក៏ត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១។

ជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅ ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន I P S ស្នាក់នៅបណ្តោះអាសន្ន ផ្ទះលេខ១៥១ ផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ក្មេងស្រីរងគ្រោះឈ្មោះ ម ស អ អាយុ១២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បើតាមសម្ដីជនសង្ស័យរៀបរាប់ថា ក្មេងស្រីរងគ្រោះ និងខ្លួន (ជនសង្ស័យ) បានស្គាល់គ្នារយៈពេលជាង១ខែហើយ ដោយតែងតែមកអង្គុយលេងជាមួយគ្នានៅមុខមន្ទីរសម្រាកព្យា បាលដេប៉ូ ឡុង ហួរ។ លុះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៦និង៣០នាទីល្ងាច ខ្លួន(ជនសង្ស័យ) បាននាំក្មេងស្រីរងគ្រោះចេញពីកន្លែងយាមទៅផ្ទះម្តាយមីងនៅម្តុំផ្សារអូរឫស្សី ហើយបានព្រមព្រៀងគ្នារួមភេទ បានសម្រេចម្តង ហើយនាំគ្នាត្រឡប់មកវិញ។ លុះនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០ព្រឹក ម្តាយក្មេងរងគ្រោះបានដឹងរឿងនេះ ដោយសារក្មេងស្រីរងគ្រោះនិយាយប្រាប់ ក៏បានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-11-03_13-27-52

មតិយោបល់