ព័ត៌មានជាតិ

កម្ពុជា-ហុងគ្រីនឹងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម

ភ្នំពេញៈ ក្នុងបេសកកម្មការទូតប្រចាំប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតហុងគ្រី ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយបានបង្ហាញអំពីគម្រោងផែននានា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយូអង្វែងរវាងកម្ពុជា និងហុងគ្រី លើការពង្រឹងការត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ។

នាយកដ្ឋានផ្សព្វផ្សាយព័ត៌មានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានឱ្យដឹងនៅក្រោយជំនួបពិភាក្សាការងាររវាងលោក ខេង សាខុន រដ្ឋមន្រ្តីកសិកម្ម និងលោក Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជានៅទី៤វិច្ឆិកានេះថា បច្ចុប្បន្នកម្ពុជាកំពុងផ្តោតសំខាន់ទៅលើការលើកកម្ពស់ផលិតភាពកសិកម្ម ការពង្រឹងគុណភាព និងសុវត្ថិភាពស្បៀងអាហារ ដោយជំរុញការនាំចេញនូវផលិតផលកសិកម្ម។

ជាមួយគ្នានោះ លោក Csaba Ory បានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលលោកបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកចាប់អារម្មណ៍ទៅលើការពង្រឹងការត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ។ រដ្ឋាភិបាលហុងគ្រីមានបំណងគាំទ្រគម្រោងប្រព័ន្ធសន្តិសុខស្បៀងនៅកម្ពុជា ដោយស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសំណើនូវគម្រោងដែលមានសក្តានុពល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងបច្ចេកវិទ្យាទំនើបដែលជំរុញដល់ការលើកកម្ពស់ផលិតកម្ម គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។

លោកបញ្ជាក់ទៀតថា “រដ្ឋាភិបាលហុងគ្រីក៏មានបំណងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ ហើយសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំសំណើបញ្ជូនមន្ត្រី ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី តាមរយៈជំនួបទ្វេភាគីកម្ពុជាជាមួយប្រធានទីប្រឹក្សាក្រសួងការបរទេស ហុង គ្រី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ”

លោក វេង សាខុន បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអន្តរកាល ហើយនៅមានជួបបញ្ហាប្រឈមច្រើន ដែលទាមទារឲ្យមានការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៏នានា។ទន្ទឹមនឹងនេះបានស្នើឲ្យរដ្ឋាភិបាលហុងគ្រីលើកចិត្តដល់វិស័យឯកជន ឲ្យមកវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យកសិកម្មឲ្យបានច្រើន។ និងជួយគាំទ្រផ្តល់នូវការបណ្តុះបណ្តាល និងឧបករណ៍ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ សម្រាប់គាំទ្រដល់ការសិក្សាស្រាវជ្រាវនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងមន្ត្រីនៃប្រទេសទាំងពីរ និងការពង្រីកផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្ដម និងក្រោយឧត្ដមសិក្សាសម្រាប់និស្សិតកម្ពុជាសិក្សាលើវិស័យកសិកម្ម៕

photo_2016-11-04_15-21-37photo_2016-11-04_15-21-34photo_2016-11-04_15-21-35photo_2016-11-04_15-21-36

មតិយោបល់